ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពួកសកម្មប្រយុទ្ធ២៦៥នាក់ចុះចូលនៅក្នុងខេត្ត Balochistan ប្រទេសប៉ាគីស្ថាន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ពួកសកម្មប្រយុទ្ធប្រឆាំងរដ្ឋាភិបាល​សរុបប្រមាណ២៦៥នាក់ ដោយរួមមានទាំងមេបញ្ជាការដ៏សំខាន់ នៃអង្គការដែលគេបាន​ហាមប្រាម​ជាច្រើនត្រូវបានដាក់អាវុធចុះ និងបានចុះចូលជាមួយរដ្ឋាភិបាលនៅក្នុងខេត្ត បាលូជីស្ថានភាគនិរតីនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ។

ពួកមន្រ្តីបាននិយាយថា ពួកសកម្មប្រយុទ្ធបានចុះចូលនៅក្នុងទីក្រុង Quetta រដ្ឋធានី​ខេត្តបាលូជីស្ថាន ដោយបន្ថែមថា ពួកសកម្មប្រយុទ្ធដែលបានចុះចូលទាំងនោះបានទម្លាក់​អាវុធ​ដោយ​សារការមើលឃើញពីភាពប្រសើរឡើង និងដំណើរការល្អរបស់ប្រទេស។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អតីតពួកសកម្មប្រយុទ្ធទាំង​២៦៥នាក់នោះ​បានបោះបង់ចោលអំពើហិង្សា​ ហើយបានសន្យាថា នឹងចូលរួមនៅក្នុងប្រព័ន្ធ​នយោបាយដ៏មានអាទិភាព នឹងធ្វើការងារសម្រាប់សន្តិភាព និងការអភិវឌ្ឍប្រទេស។

ការចុះចូលនៃពួកសកម្មប្រយុទ្ធទាំងនេះ គឺធ្វើជាផ្នែកមួយនៃការបន្តកិច្ចសម្រប​សម្រួល​ខាងនយោបាយ​នៅក្នុងខេត្តនេះ ដែលត្រូវបានចាប់ផ្តើមឡើង​ស្ថិតនៅក្រោមផែនការ​សកម្ម​ភាព​​​ជាតិ​ប្រឆាំងនឹងពួកភេរវកម្មកាលពីឆ្នាំ២០១៥។ ពួកមន្រ្តីបាននិយាយថា រហូតមកដល់​ពេល​នេះ ពួកសកម្មប្រយុទ្ធសរុប​ប្រមាណ២០០០នាក់​ត្រូវបានចុះចូលជាមួយពួកអាជ្ញាធរ​រដ្ឋាភិបាល៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )