ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មេដឹកនាំកូរ៉េទាំងពីរធ្វើកិច្ចចរចាទល់មុខគ្នានៅក្រុងព្យុងយ៉ាង

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា -អ៊ីន ( Moon Jae- in ) នឹងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន ( Kim Jong un ) បានធ្វើកិច្ចចរចានៅក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារ ជាថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃរបស់មេដឹកនាំទាំងពីរ ។

កិច្ចចរចាបានចាប់ផ្តើមនៅម៉ោង ៣:៤៥ នាទីរសៀល ម៉ោងក្នុងស្រុកនៅឯផ្ទះភ្ញៀវយ៉ាងសំខាន់របស់បក្សពលករកូរ៉េ ( WPK ) ដែលកំពុងកាន់អំណាចនឹងបញ្ចប់នៅប្រហែល ២ម៉ោងក្រោយមក ។ មេដឹកនាំកំពូលកូរ៉េខាងជើងបាននិយាយថា លោក មូន បានបង្កើតឱ្យមានឡើងកិច្ចប្រជុំកំពូល កូរ៉េខាងជើង – ស.រ.អា ជាប្រវត្តិសាស្ត្រនៅសិង្ហបុរី កាលពីក្នុងខែឧសភា ដោយលោកនិយាយបន្ថែមថា ប្រាកដណាស់វានឹងនាំមកនូវស្ថិរភាពដល់តំបន់ ព្រមទាំងធ្វើឱ្យមានលទ្ធផលច្រើនថែមទៀត ។

លោក មូន បាននិយាយថា និទាឃរដូវនៅ ប៉ានមុនហ្សូម បានក្លាយទៅជាសរទរដូវ នៅក្រុង ព្យុងយ៉ាង — ហើយឥឡូវនេះវាជាពេលដែលត្រូវប្រមូលផលហើយ ដែលជាការនិយាយយោងមួយ ទៅរកកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកដំបូងនៅប៉ានមុនហ្សូម កាលពីក្នុងខែមេសា ។ នាយសេនាធិការរបស់លោក មូន គឺ លោក អ៊ីម ហ្សុង សេអុក ( Im Jong Seok ) បាននិយាយពីថ្ងៃចន្ទថា លោក មូន និង លោក គីម បានគ្រោងធ្វើកិច្ចចរចាទល់មុខគ្នាមួយទៀតនៅថ្ងៃពុធនេះ ។ ប្រសិនបើកិច្ចចរចានេះ ប្រព្រឹត្តិទៅដោយរលូននោះ មេដឹកនាំទាំងពីរ នឹងធ្វើសន្និសីទកាសែតរួមគ្នាមួយ ដើម្បីប្រកាសនូវលទ្ធផល នៃការសន្ទនាគ្នានេះ ។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការ ( KCNA) របស់កូរ៉េខាងជើងបាននិយាយថា កិច្ចប្រជុំកំពូលក្រុងព្យុងយ៉ាង​ គឺសំដៅអនុវត្តន៍សេចក្តីប្រកាសប៉ានមុនហ្សូម ដែលបានចេញផ្សាយក្រោយកិច្ចប្រជុំកំពូល មូន – គីម លើកទីមួយ ។
KCNA បាននិយាយថា កិច្ចប្រជុំកំពូលក្រុងព្យុងយ៉ាង​នឹងផ្តល់ឱ្យនូវឱកាសយ៉ាងសំខាន់ក្នុងការជំរុញឱ្យលឿនថែមទៀត ការអភិវឌ្ឍនូវទំនាក់ទំនងអន្តរកូរ៉េ ដែលកំពុងធ្វើឱ្យមាននូវប្រវត្តិសាស្ត្រថ្មីមួយ នោះ ។
គេបានធ្វើឱ្យមានការជឿនលឿនគួរឱ្យកត់សម្គាល់នៅក្នុងការសន្ទនាគ្នារវាងកូរ៉េទាំងពីរ ចាប់តាំងពីដើមឆ្នាំនេះមក ប៉ុន្តែការប្រកួតប្រជែងនៅតែមាននៅពេលដែល ស.រ.អា និងកូរ៉េខាងជើង មានការពិបាក ក្នុងការធ្វើឱ្យនៅតូចគម្លាតក្នុងកិច្ចចរចា ស្តីពីការធ្វើឱ្យឧបទ្វីបនេះ​គ្មាននុយក្លេអ៊ែរនោះ ។

មេដឹកនាំទាំងពីរ នឹងបន្តកិច្ចចរចានៅព្រឹកថ្ងៃពុធនេះ ហើយសង្ឃឹមថា នឹងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយ ដើម្បីបញ្ចប់ភាពតានតឹងខាងយោធា នៅ​លើឧបទ្វីបនេះ ។ គេរំពឹងថា លោក មូន នឹងត្រឡប់ទៅប្រទេសវិញនៅថ្ងៃព្រហស្បតិ៍៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )