ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាម និងវេណេហ្ស៊ុយអេឡា រៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៧

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ១៨ ខែកញ្ញា ក្រសួងការបរទេសវៀតណាម និងវេណេហ្ស៊ុយអេឡា បានរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី ៧ របស់ខ្លួន នៅថ្នាក់អនុរដ្ឋមន្រ្តី នៅទីក្រុងហាណូយ។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Vinh និងសមភាគីវេណេហ្ស៊ុយអេឡា លោក Ruben Dario Molina បានចែករំលែកគ្នាទៅវិញទៅមកអំពីស្ថានភាពក្នុងប្រទេសរបស់ខ្លួន និងបានពិភាក្សាគ្នាអំពីវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងក្រសួងការបរទេសទាំងពីរផងដែរ។

ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាឯកច្ឆន្ទមួយ ស្តីពីការបន្តផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចប្រជុំទ្វេភាគី ខណៈដែលមានការប្តេជ្ញាចិត្តក្នុងការអនុវត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី រួមជាមួយគម្រោងរួមគ្នាក្នុង វិស័យកសិកម្ម ការការពារជាតិ និងវិទ្យាសាស្ត្របច្ចេកវិទ្យា។

ភាគីទាំងពីរបានព្រមព្រៀងរក្សាសកម្មភាពជាទៀងទាត់របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល និងកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ និងបន្តធ្វើការដើម្បីបញ្ចប់ក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។
ពួកគេមានគំនិតដូចគ្នាអំពីការសម្របសម្រួលដើម្បីរៀបចំសកម្មភាពរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងការទូតទ្វេភាគីនៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។

ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ហើយបានចែករំលែកទស្សនៈស្តីពីការដោះស្រាយវិវាទរវាងប្រទេសនានាដោយវិធានការសន្តិភាព ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)