ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញទៅបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបចេ្ចកវិទ្យាសំណង់កូរ៉េ KICT

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ –ប្រភពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកវិទ្យាសំណង់កូរ៉េ (KICT) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជាផងដែរ និងបានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ នាពេលបច្ចុប្បន្នដែលបង្កឡើងដោយកត្តាមនុស្ស និងចំណុចខ្មៅ បានសម្លាប់មនុស្សប្រមាណ ៥នាក់ និងបង្ករបួសស្នាមពី២០ទៅ៥០នាក់ក្នុងមួយថ្ងៃ

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមទៀតថា កម្ពុជាចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងនូវស្តង់ដារនៃការស្ថាបនាផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរ។ ជាពិសេសបច្ចេកវិទ្យាជួសជុលផ្លូវថ្នល់មានសារៈសំខាន់ណាស់ ដោយសារតំបន់ភាគខាងត្បូងនៃប្រទេសដូចជា ខេត្តកំពត ខេត្តកែប ក្រុងព្រះសីហនុ និងខេត្តកោះកុង មានភ្លៀងធ្លាក់ជោគជាំនៅរដូវវស្សា។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសំណូមពរឱ្យ KICT ពន្លឿនការបង្កើតវិទ្យាស្ថាន C-KICT ក្នុងរយៈពេល២ឆ្នាំ ឬឆាប់ៗតាមដែលអាចធ្វើទៅបាន។

ដោយឡែក លោក Sung Heon Han ប្រធានវិទ្យាស្ថាន KICT បានណែនាំគណៈប្រតិភូឱ្យស្គាល់បច្ចេកវិទ្យាសំណង់ធំៗរបស់កូរ៉េ ប្រព័ន្ធលើកកម្ពស់សុវត្ថិភាពសំណង់ និងចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងសម្ភារៈការដ្ឋាន និងបានចែករំលែកពង្រាងផែនការគាំទ្រ ការបង្កើត “វិទ្យាស្ថានបច្ចេកវិទ្យាសំណង់កម្ពុជា-កូរ៉េ(C-KICT)” C-KICTនេះនឹងដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក្នុងការធានាឱ្យបាននូវស្ដង់ដារគុណភាពនៃសំណង់នៅកម្ពុជា។

សូមបញ្ជាក់ថា KICT គឺជាវិទ្យាស្ថានរបស់រដ្ឋាភិបាលកូរ៉េ មានជំនាញឯកទេសខាងការស្រាវជ្រាវ និងវិស្វកម្មសំណង់។ KICT មានបុគ្គលិកជំនាញថ្នាក់បណ្ឌិតជាង ៩០០នាក់ ដែលមានជំនាញផ្សេងៗគ្នាទាក់ទងនឹងការសាងសង់។ KICT បានបង្កើតស្តង់ដារសំណង់កូរ៉េសម័យទំនើប និងបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦៕

ដោយ ទេស ច័ន្ទសុធារី