ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ

AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០១៨ –អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សួន បវរ បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបាន​​ប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារចុះបញ្ជីដីធ្លី ជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទី​កន្លែង​ដើម្បីកាត់​បន្ថយបញ្ហាទំនាស់ដីធ្លីនិងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។​

ការថ្លែងបែបនេះរបស់ឯកឧត្តម សួន បវរ ក្នុងឱកាសចូលរួមពិធីបិទផ្សាយជាសាធារ ណៈនូវឯកសារទិន្នន័យក្បាលដីនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន .០១៨ក្បាលដី ក្នុងភូមិដូនមូលនិងភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យកាលពីថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ​ឆ្នាំ២០១៨។

ឯកឧត្តម សួន បវរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ដែលបានសហការគ្នាបានល្អក្នុងការសម្រួលពន្លឿនដល់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងតំបន់គោលដៅ ដែលនៅក្នុងនោះមានមូលដ្ឋានភូមិទាំង ពីនេះបានជោគជ័យជាស្ថាពរតាមនីតិវិធីច្បាប់។

ក្នុងឱកាសនោះឯកឧត្តមក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីនៅ ក្នុងភូមិខាងលើនេះត្រូវទៅពិនិត្យមើលបញ្ជីក្បាលដីឱ្យបានទាន់ពេលវេលាកំណត់ដែលមន្ត្រី ជំនាញមានការបិទផ្សាយជាសាធារណៈនៅក្នុងបរិវេណវត្តរតនៈសំពៅផលក្នុង ភូមិដូនមូល។

អភិបាលខេត្តបន្ទាយមានជ័យក៏បាន​ធ្វើការក្រើនរម្លឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកកាន់កាប់ដីនៅក្នុងតំបន់វិនិច្ឆ័យ មេត្តា បង្កភាពងាយស្រួលនិងសហការល្អដើម្បីអនុវត្តន៍ការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយជោគ​ជ័យ។

លោក រ៉ូ បូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត បន្ទាយមានជ័យបានឱ្យដឹងថា ការបិទផ្សាយជាសារធារណៈនូវឯកសារ នៃការវិនិច្ឆ័យនេះ គឺ មានរយៈពេល១៥ថ្ងៃដែលគិតចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះទៅ នៅក្នុងភូមិទាំងពីគឺភូមិដូនមូល និងភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារនិងក្បាលដីរបស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។ នៅពេលផុតរយៈពេលកំណត់នៃការបិទផ្សាយប្រជា ពលរដ្ឋមិនអាចជំទាស់តវ៉ាបានឡើយ។

លោកអនុប្រធានមន្ទីររៀបចំដែនដីបានឱ្យដឹងដែរថា រហូតមកដល់ពេលនេះនៅក្នុង ខេត្តបន្ទាយមានជ័យបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយបានចេញវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនត្ថុបានចំនួន១២១.៥៩៥ប័ណ្ណ ដោយមានការឧបត្ថម្ភគាំទ្រពីរាជ រដ្ឋាភិបាល និងម្ចាស់ជំនួយ​​នានា៕

ដោយ ឈុន សារ៉ាត