ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង២ម៉ឺន៧ពាន់នាក់នៅខេត្តកំពង់ស្ពឺ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែ កញ្ញាឆ្នាំ២០១៨នេះ  បានអញ្ជើញចុះជួបសំណេះសំ ណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ២៧.៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ ដែលនេះជាលើកទី៤ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានជួបជាមួយបងប្អូនកម្មករនិយោជិតនៅខេត្តកំពង់ស្ពឺ ។ពិធីជួបសំណេះសំណាលនេះធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍របស់ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង២៤ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមកិច្ចសំណេះសំណាលនេះ គឺវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៣និងកូរ៉េចំនួន១ ។ រោងចក្រទាំងនោះរួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៨, រោងចក្រស្បែកជើងចំនួន១០, បោកគក់ចំនួន៤,ផលិតតុក្កតាចំនួន១ និងរោងចក្រដើមណូអែលចំនួន ១ ។ ផលិតផលដែលផលិតក្នុងរោង ចក្រ សហគ្រាសទាំងអស់នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ខេត្តកំពង់ស្ពឺ ជាខេត្តកសិកម្មមួយ ហើយធ្លាប់ជាតំ បន់សមរភូមិប្រយុទ្ធកាលពីសម័យសង្គ្រាម។ ក្រោយ ពេលសង្គ្រាមបានបិទបញ្ចប់ទាំងស្រុងក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅអំឡុងឆ្នាំ ១៩៩៦ ខេត្តកំពង់ស្ពឺបានក្លាយទៅជាខេត្តមួយមានសក្តានុពលខ្ពស់សម្រាប់ការធ្វើកសិកម្ម និងឧស្សាហកម្ម ហើ យទទួលបានការទាក់ទាញវិនិយោគលើវិស័យឧស្សាហ កម្ម និងកសិ-ឧស្សាហកម្មនិងជាច្រកសេដ្ឋកិច្ចភ្នំពេញ ឆ្ពោះទកំពង់ផែខេត្តព្រះសីហនុផងដែរ។

បើតាមឯកឧត្តម អ៉ិត សំហេង បានឲ្យបានដឹងថា មក ដល់ពេលបច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រា ស និងគ្រឹះស្ថានចំនួន២២៨ មានកម្មករ និយោជិតជាង ១០២,០០០នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៤៧ លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១០៩ មានកម្មករ និយោជិតចំនួនជាង ៩៦,៥០០នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារក្នុងមួយ ឆ្នាំ។

ឯ.ឧ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ បានចាត់ទុកការអភិវឌ្ឍនៅក្នុងខេត្តកំពង់ស្ពឺ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រនៅតាមមូលដ្ឋានជាប់នឹងប្រជាជន, បង្កើតការងារជូនកម្មករ និយោជិតរបស់រាជរដ្ឋាភិបាល និងជាជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលបាននិងកំពុងប្រែក្លាយខេត្តកំពង់ស្ពឺ ទៅជាតំបន់សេដ្ឋកិច្ចដ៏មានសក្តានុពលមួយដូចខេត្តនានាផងដែរ។

សូមបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២ ០១៧ រហូតដល់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨នេះ សម្តេច តេជោ ហ៊ុន សែន ជួបបងប្អូនប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែកនិងបងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធចំនួន៥៦លើកដែលមានចំនួនសរុបជាង ៧៩០,០ ០០នាក់ ។