ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវ ម៉ែន សំអន បន្តចុះជួបសំណេះសំណាលជាមួយកងកម្លាំង ប្រដាប់អាវុធនៅស្រុកស្វាយទាប

AKP ស្វាយរៀង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច ​សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

នាឱកាសនោះ លោកជំទាវ ម៉ែន សំអន ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី ហើយក៏បានកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ ដែលបានរក្សាសុវត្ថិភាពនៅមូលដ្ឋាន ក៏ដូចជាដំណើរការនៃ ការបោះឆ្នោតកន្លងទៅនាពេលថ្មីៗនេះ។

លោកជំទាវបានមានប្រសាសន៍ថា អាណត្តិទី៦នេះ យើងត្រូវរួមគ្នាអភិវឌ្ឍន៍ ប្រទេសឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ព្រមទាំងទាក់ទាញអ្នកវិនិយោគ បង្កើតជារោងចក្រ សហគ្រាសជាច្រើនទៀតឱ្យមករកស៊ីនៅខេត្តស្វាយរៀង ដើម្បីឱ្យ ប្រជាពលរដ្ឋមានការងារធ្វើកាត់បន្ថយ ភាពក្រីក្រ បង្កើនជីវភាពបានមួយកម្រិតបន្ថែមទៀត។


លោកជំទាវក៏បានសូមសំណូមពរឱ្យអាជ្ញាធរ ក៏ដូចជាកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវរួម គ្នាធ្វើអំពើល្អ និងត្រូវបម្រើសេវាសាធារណៈឱ្យបានល្អ និងត្រូវយកចិត្តទុកដាក់ថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋាន របស់ខ្លួនឱ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឱ្យបាននូវបងតូច បងធំ និងទប់ស្កាត់ នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋាន ក្នុងនោះត្រូវ អនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ៕

ដោយ សួស សំរិត