ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ្រួសារក្រីក្រ និងជនចាស់ជរាចំនួន ៤៧គ្រួសារ នៅស្រុកឆ្លូង បានទទួលអំណោយពីសាខាកាកបាទក្រហមខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — គ្រួសារក្រីក្រ និងជនចាស់ជរាចំនួន ៤៧គ្រួសារ នៅក្នុងឃុំឆ្លូង ស្រុកឆ្លូង បានទទួល អំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តក្រចេះ កាលពីព្រឹកថ្ងៃអង្គារ ៩កើត ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

អំណោយ ដែលបានចែកជូននៅពេលនោះ គឺក្នុងមួយគ្រួសារៗទទួលបានអង្គរ ២៥គីឡូក្រាម មី១កេស ត្រីខ ១យួរ មុង១ ភួយ១ ក្រមា ១ សារុង១ បង្គន់អនាម័យសម្រាប់មនុស្ស ចាស់ជរា និងជនពិការចំនួន១ និងថវិកាចំនួន២០០០០រៀល។

លោក គង់ សុជាតិ លេខាធិការគណៈកម្មការសាខាកាកបាទក្រហមខេត្តក្រចេះ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ និងជនរង​គ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក គង់ សុជាតិ បានបញ្ជាក់ថា នៅពេលដែលបងប្អូនប្រជាពលរដ្ឋមានទុក្ខលំបាក គឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកតែងតែចាត់ មន្រ្តីឱ្យមន្ត្រីមកសួរសុខទុក្ខ និងនាំយកអំណោយមកចែកបងប្អូនឱ្យបានទាន់ពេលវេលា ដើម្បីជួយសម្រាលជីវភាពក្នុងបន្ទុកគ្រួសារបងប្អូនបានមួយរយៈដែរ។

នៅក្នុងឱកាសនោះ លោក គង់ សុជាតិ ក៏បានអំពាវនាវដល់អាជ្ញាធរ បន្តតាមដាន និងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ឱ្យបានជាប់ជាប្រចាំ ជា ពិសេសត្រូវត្រៀមបង្កាទុកជាមុន និងត្រូវចុះទៅពន្យល់បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុក ដាក់ថែរក្សាសុខភាពឱ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះ ត្រូវហូបទឹកឆ្អិន ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕

ដោយ ជួន សុជាតិ