ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុម Khmer United គ្រងជើងឯកKhmer Real Estate Cup 2018

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — ទីបំផុត ក្រុម Khmer United បានក្លាយជាអ្នកគ្រងម្ចាស់ជើង ឯកព្រឹត្តិការណ៍កីឡាបាល់ទាត់ Khmer Real Estate Cup រដូវកាល២០១៨ បន្ទាប់ពីបានយកឈ្នះលើក្រុម Bayon Wanderers នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផលបច្ចេកទេស ៥-២ នៅទីលាន ដុនបូស្កូ។

ក្រុម Khmer United ដែលដឹកនាំដោយលោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត និងជាស្ថាបនិកបានឈ្នះពានរង្វាន់នេះ ជាលើកទី១របស់ខ្លួន នៅក្នុងចំណោម ការចូលរួមប្រកួត៧រដូវកាល។ លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា រដូវកាលឆ្នាំ២០១៨ បានបញ្ចប់ដោយជោគជ័យ ហើយការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ ជាមួយនឹងការវិវឌ្ឍ ខ្លួនឱ្យក្លាយជាការប្រកួតពាក់កណ្ដាលអាជីពពិតប្រាកដ។

លោកបណ្ឌិតបានចាត់ទុកថា ការ ប្រកួតជារៀងរាល់ឆ្នាំតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយជាមួយគ្នានោះ រឹតតែបង្កើន នូវជំនឿចិត្ត ក្នុងការជំរុញឆន្ទៈកាន់តែខ្ពស់ ដើម្បីបន្តការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់នេះ ឱ្យកាន់តែរីកចម្រើន នាពេលខាងមុខ។ អគ្គនាយករូបនេះ បានបង្ហាញនូវស្មារតីដ៏មុះមុត ក្នុងការស្វែងរកដៃគូសហការឧបត្ថម្ភ ដើម្បីពង្រីកនូវសក្តានុពលនៃព្រឹត្តិការណ៍ឱ្យកាន់តែ ធំធាត់ ជាមួយនឹងការបង្កើនប្រាក់រង្វាន់ជូនដល់ក្រុមជ័យលាភីកាន់តែច្រើន ផងដែរ។


គួរបញ្ជាក់ថា ក្រុម Avatar FC ដែលឈ្នះជើងឯក Khmer Real Estate League ទទួល បានពានរង្វាន់១ មេដាយមាស អមដោយប្រាក់រង្វាន់៨លានរៀល ស្របពេលដែលក្រុម Khmer United គ្រងជើងឯក Khmer Real Estate Cup ដោយទទួលបានពាន១ មេដាយមាស អមដោយប្រាក់រង្វាន់៦លានរៀល។ រីឯក្រុមចំណាត់ ថ្នាក់លេខ២ បានទៅលើក្រុម Bayon Wanderers ប្រាក់រង្វាន់ ៤លានរៀល និងលេខ៣ បានទៅលើក្រុម Blue Dragon ប្រាក់រង្វាន់ ២លានរៀល និងលេខ៤ ក្រុម Riel Phmom Penh ថវិកា ១លានរៀល ហើយក្រុម Fair-Play បានទៅក្រុមទន្សោង FC ដែលទទួលបានប្រាក់រង្វាន់៥០ម៉ឺនរៀល៕

ដោយ ហេង ណាលីន