ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានថ្មីនៃមន្ទីរពេទ្យគន្ធបុប្ផាចូលជួបសម្តែងការគួរសម ជាមួយអភិបាលខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៨ — ប្រធានថ្មីនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានចូលមកជំនួសតំណែងលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសស្វ៊ីសនោះ គឺលោកវេជ្ជបណ្ឌិត Peter Studar ដែលជាជនជាតិស្វ៊ីស បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប កាលពីថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

លោកវេជ្ជបណ្ឌិត Peter Studar បានជម្រាបជូនឯកឧត្តមអភិបាលខេត្តថា រូបលោក និងលោកវេជ្ជបណ្ឌិត Beat Richner បានជួបគ្នានៅក្នុងប្រទេសកម្ពុជា ដើមី្បធ្វើការស្តារឡើង វិញនូវមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងសាងសង់មន្ទីរពេទ្យគន្ធបុប្ផាខេត្ត សៀមរាប(មន្ទីរពេទ្យជ័យវរ្ម័ន្តទី៧)នៅឆ្នាំ១៩៩២។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការពិតលោកបានចូលមកកម្ពុជាតាំងតែពីឆ្នាំ១៩៨១មកម៉្លេះ ដែលពេលនោះលោកជា គ្រូពេទ្យព្យាបាលជំងឺជូនប្រជាជនកម្ពុជានៅខេត្តកំពង់ចាម។

លោកវេជ្ជបណ្ឌិត Peter Studar បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ១៩៩២នោះ នៅពេល លោកវេជ្ជបណ្ឌិត Beat Richner បានចូលមកកម្ពុជា បានសុំឱ្យ រូបលោកចូលរួមជួយផ្នែក ព្យាបាលជំងឺកុមារនេះ។ រហូតមកនៅពេលលោកវេជ្ជបណ្ឌិត Beat Richner មានជំងឺ លោកតែងតែមានការបារម្ភចំពោះអនាគតមន្ទីរគន្ធបុប្ផានេះ ក្នុងការខ្វះខាត មូលនិធិទ្រ ទ្រង់មន្ទីរពេទ្យក្នុងការព្យាបាលកុមារកម្ពុជា ព្រមទាំងគិតគួរពីអនាគតកុមារកម្ពុជា នៅពេល ដែលអត់មានរូបលោក។ លោក Beat Richner ជាស្ថាបនិកដ៏សំខាន់ ក្នុងការស្វែងរក មូលនិធិពីរដ្ឋាភិបាល និងប្រជាជនស្វ៊ីស ក៏ដូចប្រជាជនកម្ពុជា និងភ្ញៀវទេសចរជាដើម។
លោកវេជ្ជបណ្ឌិត Peter Studar បានឱ្យដឹងទៀតថា ប្រជាជនស្វ៊ីសគឺនៅតែបន្ត ផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយប្រជាជនស្វ៊ីសមើលឃើញនៅពេលអវត្តមានរបស់ លោកវេជ្ជបណ្ឌិត Beat Richner រយៈពេល១៦ខែមកនេះ បានដំណើរការទៅ ប្រកបទាំងបរិមាណ និងគុណភាព ដើមី្បឆ្លើយតបទៅនឹងម្ចាស់ជំនួយ។

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ក៏បានសម្តែងការសប្បាយចិត្តនៅពេល ដែលមន្ទីរពេទ្យរៀបចំពិធីបុណ្យ ក៏ដូចជាបុគ្គលិកពេទ្យទាំងអស់ធ្វើការទាំងស្មារតីគោរព ចំពោះលោកវេជ្ជបណ្ឌិត Beat Richner ទៀតផង។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា រូបលោក ក៏ដូចលោកវេជ្ជបណ្ឌិត Beat Richner ដែរ ពោលគឺចង់ឱ្យមន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការ ដោយប្រជាជនកម្ពុជា គ្រូពេទ្យកម្ពុជា ទោះបីអវត្តមានរបស់លោកវេជ្ជបណ្ឌិត Beat Richner ក៏ដោយ ហើយរយៈពេល១៦ខែនេះ ដោយអវត្តមានលោក Beat Richner ក៏មន្ទីពេទ្យ នៅតែដំណើរការទៅបានយ៉ាងល្អ ព្រមទាំងមានអ្នកជំងឺកើនជាងឆ្នាំមុខ១៥ភាគរយ ទៀតផង។

មានប្រសាសន៍ឆ្លើយតបនាឱកាសនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងនូវការបាត់បង់វេជ្ជបណ្ឌិត Beat Richner​ ដែលមានទឹកចិត្តដ៏សប្បុរសធម៌ចំពោះកុមារកម្ពុជា ដែលធ្វើឱ្យប្រជាជនកម្ពុជានូវនឹក អាឡោះអាល័យ ចំពោះលោកវេជ្ជបណ្ឌិត Beat Richner ដែលប្រជាជនកម្ពុជាបានដាក់ឈ្មោះ ជាគ្រូពេទ្យទេវតា។ ឯកឧត្តម ឃឹម ប៊ុនសុង ក៏បានលើកផងដែរថា កន្លងមកដើមី្បឱ្យមន្ទីរពេទ្យ នេះដំណើរការទៅបាន រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបំផុសចលនាមួយដើមី្ប កៀរគរប្រមូលនូវមូលនិធិ ក្នុងការទ្រទ្រង់សកម្មភាពព្យាបាលកុមារនៃមន្ទីរពេទ្យគន្ធបុប្ផា។
ឯកឧត្តម ឃឹម ប៊ុនសុង ក៏បានជម្រាបជូនលោកវេជ្ជបណ្ឌិត Peter Studar ផងដែរថា រៀងរាល់ឆ្នាំកាកបាទក្រហមកម្ពុជា ក៏ដូចសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកថវិកា សប្បុរសធម៌ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ បានធ្វើបុណ្យផ្កាប្រាក់ ដើមី្បប្រមូលនូវបច្ច័យយកមកទ្រទ្រង់ មន្ទីរពេទ្យកុមារនេះ។
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានបញ្ជាក់ថានៅតែបន្តទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផាឱ្យនៅតែដំណើរ ការដូចកាលដែលលោកវេជ្ជបណ្ឌិត Beat Richner នូវមានជីវិត ទាំងបរិមាណនិងគុណភាព មិនឱ្យបាត់រូបរាងឡើយ។

ឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីរបស់ គ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការពិនិត្យ ព្យាបាលជំងឺកុមារ និងស្ត្រី មកគ្រប់ពីបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្តម បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត គឺនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យ ឱ្យដំណើរការដូច កាលដែលលោកវេជ្ជបណ្ឌិត Beat Richner នៅរស់ ព្រមទាំងបានធ្វើការ ស្វាគមន៍ ចំពោះលោកវេជ្ជបណ្ឌិត Peter Studar ដែលបានមកទទួលភារកិច្ចថ្មីនៅកម្ពុជា ដើមី្បអនាគត កុមារកម្ពុជាទៀតផង៕

ដោយ ហង្ស សៀក