ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកទឹកចិត្តដល់យុវជនចែករំលែកវប្បធម៌ និងការអភិវឌ្ឍកម្ពុជានៅលើឆាកអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — នៅទីស្តីការក្រសួងនាព្រឹកថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជួបសំណេះ សំណាលជាមួយក្រុមយុវជន នៃសមាគមនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជា ។

អត្ថបទព័ត៌មានដែលផ្សព្វផ្សាយដោយក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមយុវជន នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងប្រទេសចំនួន៤ផ្សេងទៀត ក្នុងតំបន់អាស៊ាន រួមមានប្រទេសព្រុយណេ ប្រទេស ហ្វីលីពីន ថៃ និងប្រទេស វៀតណាម ដែលមានរយៈពេល៥២ថ្ងៃ ដោយមានយុវជនសរុប ទាំងអស់៣៣០នាក់ នៅក្នុងឆ្នាំ២០១៨។

នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញ និងលើកទឹកចិត្តដល់យុវជនទាំងអស់ចូលរួមឱ្យបានសកម្មក្នុងការសិក្សា​ឈ្វេងយល់ ពីប្រទេសផ្សេងៗ ក៏ដូចជាបង្ហាញនូវអ្វីដែលជាវប្បធម៌ និងភាពរីកចម្រើនរបស់កម្ពុជា នៅពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងពីការងារគ្រប់គ្រងបរិស្ថាន កិច្ចគាំពារបរិស្ថាន ដែលជាការងារស្នូលរបស់ក្រសួង បាននឹងកំពុងយកចិត្តទុក ដាក់ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងជំរុញឱ្យយុវជនទាំងអស់ចូលរួមចំណែកគិតគូរ ក៏ដូចជាជួយផ្សព្វផ្សាយពីបរិស្ថាន។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានធ្វើទំនើបកម្មក្រសួង ដោយលើកកម្ពស់ ទាំងធនធានមនុស្ស និងសមត្ថភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ការងារ នៅក្នុងស្ថាប័នឱ្យ មានភាពប្រសើរឡើង និងចូលរួមឱ្យមានប្រសិទ្ធភាព ក្នុងកិច្ចគាំពារបរិស្ថាន ផងដែរ៕

ដោយ ពេជ្រ ណារិទ្ធ