ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីស្រាអែលវាយប្រហារដោយមីស៊ីលលើទីក្រុងឡាតាក្យ៉ា របស់ស៊ីរី ជាងមួយម៉ោង

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨​ — ទូរទស្សន៍រដ្ឋរាយការណ៍ថា ប្រព័ន្ធការពារអាកាសរបស់ស៊ីរីបានធ្វើការកាលពីល្ងាចថ្ងៃចន្ទនេះ ដោយសារការបាញ់មីស៊ីលមួយរបស់អ៊ីស្រាអែលទៅលើទីក្រុងឆ្នេរសមុទ្រឡាតាក្យ៉ា ដែលមានរយៈពេលមួយម៉ោងកន្លះ ។

សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ប្រព័ន្ធការពារអាកាសបានស្ទាក់ចាប់ មីស៊ីលជាច្រើនមុនទៅដល់គោលដៅរបស់វា ដោយការផ្សាយទូរទស្សន៍នោះ បានបង្ហាញឱ្យឃើញនូវ មីស៊ីលការពារអាកាសដែលហោះឡើងទៅលើមេឃនៅពីលើឡាតាក្យ៉ា និងទីក្រុងតារទូស ដែលនៅជិតខាង ។

ការផ្សាយនោះក៏បានបង្ហាញឱ្យឃើញផងដែរតំបន់ ដែលត្រូវបានវាយប្រហារដោយសារការវាយប្រហារដោយមីស៊ីលនេះ ដែលទូរទស្សន៍នោះបាននិយាយថា ត្រូវបានធ្វើឡើងចេញពីសមុទ្រ ។ ការផ្សាយនោះបាននិយាយថា សារជីវកម្មឧស្សាហកម្មបច្ចេកទេសនៅជាយក្រុងភាគខាងកើតត្រូវបានវាយប្រហារ ។

ពួកសកម្មជនស្និទ្ធរដ្ឋាភិបាលបាននិយាយថា មីស៊ីល២៨គ្រាប់ត្រូវបានគេបាញ់ចេញពីសមុទ្រទៅលើទីតាំងយោធានានានៅឡាតាក្យ៉ា ។ នៅពេលជាមួយគ្នានោះដែរ ប្រភពពេទ្យនៅឡាតាក្យ៉ា បាននិយាយថា មនុស្ស ៨ នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ ។

ពួកសកម្មជនស្និទ្ធរដ្ឋាភិបាលបាននិយាយថា មូលដ្ឋានអាកាស ​Khmeimim ដែលរុស្ស៊ីគ្រប់គ្រងនៅជាយក្រុងឡាតាក្យ៉ាបានចូលរួមនៅក្នុងការស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីលលើឡាតាក្យ៉ានេះ។
នៅពេលជាមួយគ្នានេះដែរយោធាស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងចេញពីខាងក្នុងដែនអាកាសលីបង់ ដែលធ្វើឱ្យស្លាប់ទាហាន២នាក់នៅក្នុងសេវាឧស្សាហកម្មបច្ចេកទេសនេះ ។

សេចក្តីរាយការណ៍នោះនិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ធ្វើឡើងដើម្បីលើកកម្ពស់ស្មារតីពួកភេរវជននៅក្នុងខេត្តអ៊ីដលី នៅភាគពាយ័ព្យជាទីតាំងពួកឧទ្ទាមយ៉ាងសំខាន់ចុងក្រោយក្នុងប្រទេសស៊ីរី បន្ទាប់ពីជោគជ័យដែលទទួលបានដោយយោធាស៊ីរីនៅលើរណសិរ្សជាច្រើននោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )