ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េខាងជើងហៅកិច្ចប្រជុំកំពូល មូន-គីម ថា ជាឱកាសល្អ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចទំនាក់ទំនង

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨​ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង​បានរាយការណ៍នៅថ្ងៃអង្គារនេះ អំពីកិច្ចប្រជុំ​កំពូល​អន្តរកូរ៉េនាសប្តាហ៍នេះ ដោយហៅវាថា ជាឱកាសដ៏ល្អ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់​ទំនង​​រវាងកូរ៉េទាំងពីរ។​

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា កិច្ច​ប្រជុំ​កំពូលទីក្រុងព្យុងយ៉ាង ដែលមានបំណងក្នុងការអនុវត្តសេចក្តីប្រកាស បាន់មុនហ្សូម សម្រាប់​សន្តិភាព ភាពរីកចម្រើន និងការបង្រួបបង្រួមឡើងវិញនៃឧបទ្វីបកូរ៉េ នឹងផ្តល់ឱកាសសំខាន់​មួយ​នៅក្នុង​ការបង្កើនល្បឿនអភិវឌ្ឍន៍ទំនាក់ទំនងអន្តរកូរ៉េបន្ថែមទៀត​ ដែលធ្វើជាប្រវត្តិ​សាស្រ្ត​ថ្មីមួយ។

ការរាយការណ៍នេះ បានធ្វើឡើងនៅមុន​ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ីន ​បានចេញដំណើរទស្សនកិច្ចចំនួនបីថ្ងៃ ទៅកាន់ទីក្រុងព្យុងយ៉ាង​សម្រាប់កិច្ចប្រជុំកំពូលលើកទីបី​របស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក​ គីម ជុង.អ៊ុន ដោយផ្តោតទៅលើកិច្ចពី​គ្រោះយោបល់​ស្តីអំពីការធ្វើមិនឱ្យមាននុយក្លេអ៊ែរ​ និងកិច្ចទំនាក់ទំនងអន្តរកូរ៉េ។

វាធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលលើកដំបូងរបស់លោកកាលពីខែមេសា និងខែ​ឧសភា​មួយផ្សេងទៀត ដែលទាំងពីរនេះបានធ្វើឡើងនៅឯភូមិសន្តិភាព បាន់មុនហ្សូម ។ ក្នុងអំឡុង​​កិច្ចប្រជុំកំពូលកាលពីខែមេសា មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាថា នឹងធ្វើការងារ​ឆ្ពោះទៅ​រក​ការបញ្ចប់ការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ បញ្ឈប់សកម្មភាពអរិភាពប្រឆាំងគ្នាទៅវិញ​ទៅមក ព្រមទាំងរក្សានូវកិច្ចផ្លាស់ប្តូរគ្នាឆ្លងកាត់ ព្រំដែន។

កិច្ចប្រជុំកំពូលលើកទីបីរបស់ពួកគេនេះ បានធ្វើឡើងចំពេលដែលកិច្ចចរចានានាបាន​ជាប់គាំង រវាងកូរ៉េខាងជើង និងអាមេរិក ដោយឱ្យទីក្រុងព្យុងយ៉ាងលប់បំបាត់ចោលនូវអាវុធ​នុយក្លេអ៊ែររបស់ខ្លួនចាប់តាំងពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តរវាងលោក គីម និងប្រធានា​ធិបតី​​អាមេរិក​​លោក ដូណាល់ ត្រាំ នៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាកន្លងទៅ។

ជាមួយគ្នានេះដែរ នៅថ្ងៃអង្គានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា-អ៊ីន ​ចេញដំណើរទៅកាន់ទីក្រុងព្យុយ៉ាង សម្រាប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តមួយ ជាមួយលោក គីម ជុង-អ៊ុន ក្នុងគោលបំណងដើម្បីសម្រុះសម្រួលកិច្ចចរចានុយក្លេអ៊ែរអាមេរិក-កូរ៉េខាងជើង ដែលបានជាប់គាំង​ និងដំណើរឆ្ពោះទៅរកកិច្ចទំនាក់ទំនងអន្តរកូរ៉េ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )