ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មេដឹកនាំកូរ៉េទាំងពីរនឹងអង្គុយទល់មុខគ្នាយ៉ាងហោចណាស់២លើក ក្នុងអំឡុងកិច្ចប្រជុំកំពូល

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយពីថ្ងៃចន្ទថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា- អ៊ីន ( Moon Jae –in ) នឹងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន (​Kim Jong Un ) នឹងអង្គុយទល់មុខគ្នាយ៉ាងហោចណាស់២ដងក្នុងអំឡុងកិច្ចប្រជុំកំពូលលើកទី៣ របស់ពួកគេនៅក្រុងព្យុង- យ៉ាង ដែលបានគ្រោងធ្វើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃអង្គារនេះទៅ ។

លោក អ៊ីម ជុង – សេអុក (​Im Jong –seok ) នាយសេនាធិការរបស់លោក មូន បានប្រាប់សន្និសីទ សារព័ត៌មានមួយនៅឯមជ្ឈមណ្ឌលសារព័ត៌មានក្នុងក្រុងសេអ៊ូលសម្រាប់កិច្ចប្រជុំកំពូលនាពេលខាងមុខថា គេរំពឹងថា លោក មូន នឹងទៅដល់ព្រលានយន្តហោះអន្តរជាតិក្រុងព្យុងយ៉ាង នៅប្រហែលម៉ោង ១០​ព្រឹកម៉ោងក្នុងស្រុក ថ្ងៃអង្គារនេះ នឹងត្រូវបានទទួលបដិសណ្ឋារកិច្ចដោយពិធីស្វាគមន៍មួយ នៅឯព្រលានយន្តនោះ ។

តើមេដឹកនាំកូរ៉េខាងជើងនឹងធ្វើបដិសណ្ឋារកិច្ចប្រធានាធិបតីកូរ៉េខាងត្បូង នៅឯពិធីស្វាគមន៍នោះឬ យ៉ាងណានោះ គេមិនទាន់បានកំណត់នៅឡើយទេ ។ បន្ទាប់ពីបាយថ្ងៃត្រង់ហើយ លោក មូន និងលោក គីម បម្រុងនឹងអង្គុយទល់មុខគ្នា ជាលើកដំបូង ហើយមេដឹកនាំទាំងពីរ នឹងធ្វើកិច្ចចរចាទល់មុខគ្នា ជាលើកទី២ របស់ខ្លួន នៅព្រឹកថ្ងៃពុធ ។

លោក អ៊ីម បានកត់សម្គាល់ថា ប្រសិនបើកិច្ចចរចានេះប្រព្រឹត្តិទៅដោយរលូននោះ គេសង្ឃឹមទុកជាមុនថា លោក មូន និងលោក គីម នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ ដើម្បីប្រកាសពីកិច្ចព្រមព្រៀងមួយបន្ទាប់ពីការសន្ទនាគ្នានៅព្រឹកថ្ងៃពុធ ប៉ុន្តែ លោកបាននិយាយបន្ថែមថា កិច្ចប្រជុំទល់មុខគ្នាមួយទៀតអាចត្រូវគេធ្វើឡើងម្តងទៀត ស្រមទៅតាមរបៀបដែលកិច្ចចរចានោះដំណើរការទៅ ។

លោក មូន កំណត់នឹងស្នាក់នៅក្នុងក្រុងព្យុងយ៉ាង សម្រាប់ពេល៣ថ្ងៃរហូតសល់ថ្ងៃព្រហស្បតិ៍ ដូចដែលលោកបានព្រមព្រៀងគ្នាជាមួយលោក គីម ដើម្បីជួបគ្នាម្តងទៀតនៅក្នុងទីក្រុងរដ្ឋធានីកូរ៉េខាងជើង ។ គម្រោងសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូល មូន-គីម លើកទី៣ នឹងត្រូវផ្សាយបន្តផ្ទាល់ជាលើកដំបូង ។ អតីតប្រធានាធិបតីកូរ៉េខាងត្បូង២រូប បានធ្វើទស្សនកិច្ចក្រុងព្យុងយ៉ាង ក្នុងឆ្នាំ ២០០០ និង ២០០៧ សម្រាប់កិច្ចប្រជុំកំពូលរបស់ពួកគេជាមួយមេដឹកនាំកូរ៉េខាងជើងនៅពេលនោះ គឺលោក គីម ជុង អ៊ីល ( Kim Jong IL ) បិតាមេដឹកនាំបច្ចុប្បន្ន ប៉ុន្តែកិច្ចប្រជុំនោះ គេមិនបានផ្សាយបន្តផ្ទាល់ទេ ។ នាយកសេនាធិការរូបនេះបាននិយាយថា វាជាលើកដំបូងហើយដែលថា ការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ បានស្ថិតនៅលើរបៀបវារៈ នៃការសន្ទនាគ្នាសម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )