ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិនទទូចដល់បណ្តាប្រទេសមិនមែនថ្នាក់តំបន់កុំធ្វើឱ្យខូច សន្តិភាព និងស្ថិរភាពសមុទ្រចិនខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយពីថ្ងៃចន្ទថា ប្រទេសចិនបានទទូចដល់បណ្តាប្រទេស មិនមែនថ្នាក់តំបន់ឱ្យគោរពកិច្ចប្រឹងប្រែងធ្វើឡើងដោយបណ្តាប្រទេសថ្នាក់តំបន់ ដើម្បីដោះស្រាយដោយ សន្តិវិធីបញ្ហាសមុទ្រចិនខាងត្បូងតាមរយៈការសន្ទនាគ្នា ព្រមទាំងកុំធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពនៃតំបន់នេះ ។

អ្នកនាំពាក្យលោក ជេង សួង ( Geng Shuang ) បានធ្វើការកត់សម្គាល់នេះនៅឯសន្និសីទសារព័ត៌ មានប្រចាំថ្ងៃមួយនៅពេលដែលគេស្នើឱ្យធ្វើអត្ថាធិប្បាយ ស្តីពីសមយុទ្ធនាវាមុជទឹកជប៉ុននៅក្នុងសមុទ្រ ចិនខាងត្បូង ។ តាមក្រសួងការពារប្រទេសជប៉ុនឱ្យដឹងថា នាវាមុជទឹកជប៉ុនមួយគ្រឿងនៅតាមផ្លូវទៅ កាន់ឆកសមុទ្រកាំរ៉ាញ់របស់ប្រទេសវៀតណាមជាលើកដំបូងនោះ បានចូលរួមក្នុងសមយុទ្ធកងនាវាចរ មួយក្នុងសមុទ្រចិនខាងត្បូង ។ នេះក៏ជាលើកដំបូងផងដែរ ដែលនាវាមុជទឹកជប៉ុនមួយគ្រឿងមាននៅក្នុង តំបន់នេះ។

លោក ជេង បាននិយាយថា ស្ថានការណ៍ក្នុងសមុទ្រចិនខាងត្បូង បាននឹងកំពុងមានភាពល្អ ប្រសើរ ។ ចិននិងបណ្តាប្រទេសអាស៊ានកំពុងធ្វើការងារលើការជំរុញច្បាប់ទូន្មាន ក្នុងការពិគ្រោះយោបល់ សមុទ្រចិនខាងត្បូងដោយពង្រឹងកិច្ចសហប្រតិបត្តិការសមុទ្រ ដែលសំអាងលើហេតុការណ៍ ព្រមទាំងដោះ ស្រាយជម្លោះឱ្យបានត្រឹមត្រូវ ។

លោកបាននិយាយបន្ថែមថា ប្រទេសចិនបានទទូចដល់បណ្តាប្រទេសមិនមែន ថ្នាក់តំបន់ឱ្យ គោរពដល់កិច្ចប្រឹងប្រែងធ្វើឡើងដោយបណ្តាប្រទេសថ្នាក់តំបន់ ព្រមទាំងធ្វើនូវទង្វើដោយប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសកុំឱ្យមានការខូចខាតដល់សន្តិភាព និងស្ថិរភាពតំបន់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)