ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កិច្ចពិភាក្សាស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ –ប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កាលពីថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន  ចាន់ ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាទ្វេភាគី ជាមួយលោកជំទាវ Kim Hyun Mee រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃ សាធារណរដ្ឋកូរ៉េ អំពីវិធីសាស្ត្រល្អៗដើម្បីពង្រឹងកិច្ចសហការរវាងគ្នា ដើម្បីធ្វើឱ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាតាមរយៈបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានកត់សម្គាល់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយបានជួយធ្វើឱ្យប្រសើរឡើងដល់ការបំ  ពាក់ឧបករណ៍សុវត្ថិភាព សម្ភារសុវត្ថិភាព និងវិធានការសុវត្ថិភាព លើផ្លូវជាតិរបស់កម្ពុជា ការសាងសង់ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ការធ្វើឱ្យប្រសើរឡើងរោងចក្រប្រព្រឹត្តកម្មសំណល់ទឹកកខ្វក់ និងទឹកទន្លេកម្ពុជា និងគម្រោងធ្វើឱ្យប្រសើរឡើង បណ្តាញផ្លូវថ្នល់ផ្សេងទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនលោកជំទាវរដ្ឋមន្រ្តីកូរ៉េ អំពីគម្រោងនាពេលបច្ចុប្បន្ន និងនាពេលអនាគតជាមួយនឹងអង្គការKOICA ដែលក្នុងនោះរួមមាន៖ ការធ្វើឱ្យប្រសើរឡើងផ្លូវជាតិនានា រោងចក្រ ប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តសៀមរាប និងក្រុងតាខ្មៅ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងវិទ្យាស្ថានមន្ទីរពិសោធន៍ បណ្តុះបណ្តាល និងផែនការមេសម្រាប់ការអភិវឌ្ឍកំពង់ផែ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េផ្តល់ការគាំទ្រដល់គម្រោងទាំងនេះ ព្រមទាំងបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូងដែលបានផ្តល់ ជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា និងរង់ចាំកិច្ចសហការបន្ត នាពេលអនាគតរវាងប្រទេសទាំងពីរ។

លោកជំទាវរដ្ឋមន្ត្រី Kim Hyun Mee បានជម្រាបជូនពីឆន្ទៈរបស់សាធារណរដ្ឋកូរ៉េ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ។ ការអភិវឌ្ឍនេះរួមបញ្ចូលទាំងបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធជាតិ និងព័ត៌មានមូលដ្ឋាន ការគាំទ្រផ្នែកបច្ចេកវិទ្យា កម្មវិធីស្រាវជ្រាវនិងផ្លាស់ប្តូរសុសវែរ (ដែលអាចឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាមានលទ្ធភាពទទួលបាន) ព្រមទាំងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។

ជាការឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្ដមទេសរដ្ឋមន្រ្តីនោះលោកជំទាវរដ្ឋមន្ដ្រី បានសន្យានឹងយកសំណើទាំងអស់នេះទៅជូនដល់រដ្ឋាភិបាលកូរ៉េ ដើម្បីពិនិត្យ និងសម្រេច៕

ដោយ ទេស ច័ន្ទសុធារី