ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាពាក់ព័ន្ធការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ –កាលពីរសៀលថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច  សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោកស៊្រុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាពាក់ព័ន្ធករណីការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនអានកូ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ចៅសង្កាត់ និងផ្នែកពាក់ព័ន្ធជាច្រើនទៀត ។

     លោក ណាំ គាតេង តំណាងក្រុមហ៊ុនអានកូ វ៉ធើរ សឺបផ្លាយ មានប្រសាសន៍ថា ក្រុមហ៊ុនអានកូ ផលិតទឹកស្អាតប្រមាណ ៣៤.០០០ ទៅ ៣៦.០០០ម៉ែត្រគ ក្នុងមួយថ្ងៃ និងផ្គត់ផ្គង់ទៅឱ្យរដ្ឋករទឹកចំនួន ២៦.០០ម៉ែត្រគុបក្នុងមួយថ្ងៃ បច្ចុប្បន្នក្រុមហ៊ុនកំពុងតែពង្រីកបន្ថែម   បណ្តាញមេទៅកន្លែងខ្វខាតទឹក ពិសេសអាជ្ញាធរត្រូវចុះពិនិត្យ ដើម្បីដឹងខ្នងផ្ទះណាដាច់ទឹក ដើម្បីឱ្យក្រុមហ៊ុនផលិតទឹកតាមតម្រូវការ ដោយសារនៅខេត្ដព្រះសីហនុជាតំបន់ភ្នំ រដ្ឋទឹកគួរតែរៀបចំបណ្តាញមួយដាច់ដោយឡែកសម្រាប់ផ្គត់ផ្គង់នៅទីតាំងខ្ពស់ 

   លោក ស្រ៊ុន ស្រ៊ន បានមានប្រសាសន៍ថា ដើម្បីដោះស្រាយទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ ក្រុមហ៊ុនអានកូ ក៏ដូចជាខាងរដ្ឋទឹកត្រូវសហការពិនិត្យ និងផលិតបរិមាណទឹក និងការចែកចាយទឹកជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់តាមតម្រូវកា នៃការអភិវិឌ្ឍរីកចម្រើនរបស់ខេត្តនាពេលបច្ចុប្បន្ន ។

  លោកអភិបាលរងខេត្ត ក៏បានណែនាំឱ្យចៅសង្កាត់បញ្ជូនមន្ត្រី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ ចុះពិនិត្យតាមមូលដ្ឋានឱ្យច្បាស់លាស់ ពីស្ថានភាពទឹកជាក់ស្តែង និងធ្វើរបាយការណ៍ជូនអភិបាលក្រុង និងខាងរដ្ឋាករទឹកដោយបែងចែកសមត្ថកិច្ចរវាង រដ្ឋាករទឹកនិងក្រុមហ៊ុន ដើម្បីធានាបានការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋ ។ ដោយសារតែការកើនឡើងនូវវិនិយោគយ៉ាងគំហុកក្នុងរយពេល២ឆ្នាំនេះ ធ្វើឱ្យតំបន់មួយចំនួនខ្វះខាតទឹកស្អាត ទឹកខ្សោយ ឬទឹកមានពណ៌ក្រហមជាដើម ។ល។ នៅពេលខាងមុខយើងសង្ឃឹមថា បញ្ហាទឹកស្អាតត្រូវបានដោះស្រាយ។

   លោកស៊្រុន ស៊្រន ស្នើឱ្យក្រុមហ៊ុន និងរដ្ឋទឹក ត្រូវយកចិត្តទុកដាក់ពង្រីកលើបញ្ហាបច្ចេទេសផលិត និងបុគ្គលិក ដើម្បីធានាពង្រឹងគុណភាពទឹកស្អាត ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ឱ្យមានគុណភព និងបរិមាណគ្រប់គ្រាន់តាមតម្រូវការជាក់ស្តែង ៕

ដោយ ងូ សុមុនី