ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ត្រូវបានជម្លៀសមកកាន់ទីទួលមានសុវត្ថិភាព

AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ –សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះគ្រោះថ្នាក់​ជាយថា​ហេតុផ្សេងៗ ដោយគ្រោះទឹកជំនន់ និងត្រូវចេះថែទាំសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពិសេសកុមារ និងចាស់ជរាងាយប្រឈមខ្ពស់ចំពោះសុខភាពនៅពេលទឹកជំនន់នេះ។ឯកឧត្តម ហ៊ី ណាត អភិបាលរងខេត្ត  និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានលើកឡើងដូចនេះក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង​ចែកជូនដល់គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ចំនួន ​៦៨គ្រួសារ​ ក្នុងនោះ២៨គ្រួសារជម្លៀសមកពីស្រុកកំពង់លែង និង៤០គ្រួសារមកពីសង្កាត់ខ្សាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុងកំពង់ឆ្នាំងដែលស្នាក់នៅបណ្ដោះអាសន្នទីទួលមានសុវត្ថិភាព ក្នុងវត្ត ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

ឯកឧត្តម ហ៊ី ណាត បានមានប្រសាសន៍ថា ទឹកទន្លេនៅមិទាន់ស្រកនៅឡើយដែលកំពងតែឡើងក្នុងកម្រិតប្រកាសអាសន្ន ដូចនេះសូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពលើកុមារ និងចាស់ជរា ជាអ្នកដែលប្រឈមខ្ពស់ចំពោះបញ្ហាសុខភាព ដែលបង្កឡើងដោយជំងឺផ្សេងៗ ពិសេសត្រូវប្រកាន់ខ្ជាប់នូវ ការហូបស្អាត និងការរស់នៅស្អាត បង្កើនការប្រុងយ្រយ័ត្នខ្ពស់ ចំពោះសត្វអាសិរ្ពិស នៅពេលមានសត្វពស់ខាំត្រូវទៅកាន់ មណ្ឌលសុខភាពព្រោះនៅតាម មណ្ឌលសុខភាពមានថ្នាំពស់ចឹកនិងជំងឺផ្សេងៗផងដែរ។

ឯកឧត្តមក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ​ចំពោះប្រជាពលរងគ្រោះធម្មជាតិ ដោយទឹកជំនន់នេះដែលជានិច្ចកាលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត តែងតែយកចិត្ដុកដាក់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តាករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹមជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាកគឺមានកាកបាទក្រហមកម្ពុជាជានិច្ច។
ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ដ្រីថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវបន្ដយកចិត្ដទុក្ខដាក់គ្រប់គ្រងស្ថានការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេសត្រូវជួយដោះស្រាយចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនានាឱ្យបានទាន់ពេលវេលា។

ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋត្រូវសម្រាន្តនៅក្នុងមុងជានិច្ច ដើម្បីការពារមូសខាំនាំឱ្យកើតជំងឺគ្រុនឈាម គ្រុនចាញ់ដល់ខ្លួន និងកូនចៅ ។នៅពេលទឹកស្រកទៅវិញសូមសម្អាតបរិស្ថាន បំបាត់ទឹកដក់ សំរាមស្អុយរលួយ ដើម្បីចៀសវាងការកើតជំងឺគ្រុនឈាម និងជំងឺផ្សេងៗ ត្រូវនាំគ្នាឆាប់បង្កបង្កើនផល កសាងសេដ្ឋកិច្ចគ្រួសារឡើងវិញ។ ចំពោះអ្នកមានបញ្ហាសុខភាព ឬមានផ្ទៃពោះត្រូវត្រៀមខ្លួនរកកន្លែងជិតមណ្ឌលសុខភាព ដើម្បីព្យាបាល ឬសម្រាលកូនបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះដែរឯកឧត្តម និងក្រុមការងារបានផ្ដល់អំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង៦៨​​​​​​​​​​​​​​​គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន មុងសុវត្ថិភាព១ ភួយ១ ក្រមា សារុង១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ និងថវិកា ២ម៉ឺនរៀល៕ 

ដោយ បៃ ស៊ីថុន