ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តសៀមរាប បង្កើតគណៈកម្មការមួយសម្រាប់គ្រប់គ្រង អគារដែលបានសាងសង់នៅសម័យបារំាង

AKP សៀមរាប ថ្ងៃទី១៨ ខែកញ្ញា ឆ្នំា២០១៨ –ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តសៀមរាប បានបង្កើតគណៈកម្មការមួយសម្រាប់គ្រប់គ្រងអគារដែលបានសាងសង់នៅសម័យបារំាង ដើម្បីដោះស្រាយបញ្ហាបាក់រលំអគារហាងស៊ុបនាគ និងធ្វើការគ្រប់គ្រងអគារដែលបានសាងសង់នៅសម័យបារំាងដែលមានវ័យចំណាស់ នៅតំបន់ផ្សារចាស់ និងផបស្រ្ទីតនេះ ដើម្បី​ទប់ស្កាត់ការបង្កឱ្យមានគ្រោះថ្នាក់បាក់រលំអគារនេះនៅថ្ងៃក្រោយទៀត

ថ្លែងនៅក្នុងកិច្ចប្រជុំដោះស្រាយបញ្ហារលំហាងស៊ុបនាគ នៅសាលាខេត្តសៀមរាប កាលពី ថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឡៅ រិទ្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា សំណង់អគារភាគច្រើននៅក្នុងតំបន់ផ្សារចាស់ និងផបស្រ្ទីត ក្នុងក្រុងសៀមរាប ខេត្តសៀមរាបនេះ ជាសំណង់មានវ័យចំណាស់ដែលបានសាសង់ឡើងនៅក្នុងសម័យអាណានិគមបារាំងក្នុងចន្លោះឆ្នាំ១៩២០ដល់ឆ្នាំ១៩៧០  ហើយសំណង់ទាំងនេះត្រូវបានចុះបញ្ជីទៅក្នុងសម្បត្តិបេតិកភណ្ឌជាតិ។

ឯកឧត្តមបញ្ជាក់ថា ការជួសជុលសំណង់អគារដែលមានវ័យចំណាស់ទាំងនេះ គឺចាំ បាច់ត្រូវតែមានការពិនិត្យច្បាស់លាស់ពីមន្ត្រីជំនាញបច្ចេកទេសផ្នែកសំណង់ និងជាងជួសជុលក៏ត្រូវមានជំនាញច្បាស់លាស់ដែរ។ ប៉ុន្តែសម្រាប់ការជួសជុលហាងស៊ុបនាគបង្កឱ្យមានការបាក់រលំអគារ និងធ្វើឱ្យកម្មកម្នាក់ស្លាប់ និង៤នាក់រងរបួសនេះ គឺម្ចាស់ហាងលួចធ្វើដោយមិនមានការសុំច្បាប់អនុញ្ញាតពីជំនាញណាទាំងអស់ ដូច្នេះម្ចាស់ហាងត្រូវតែទទួលខុសត្រូវចំពោះហេតុការណ៍នេះ។ តាមការត្រួតពិនិត្យ ស្លាកស្នាមនៃការដួលរលំ នៃសំណង់អគារហាងស៊ុបនាគនេះ អាចធ្លាប់បានគេជួសជុលចំនួន៣ឬ៤ដងរួចមកហើយ  ព្រោះឃើញមានការចាក់បេតុង ចាក់ប្លង់សេ ជាន់ទី១ ជាន់ទី២ និងការរុះរើដំបូលចាស់ជាដើម។

លោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាបបានបញ្ជាក់ថា ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគារមានវ័យចំណាស់ក្នុងតំបន់ផ្សារចាស់ និងផបស្រ្ទីតនេះ អាជ្ញាធរខេត្តសៀមរាបសហការជាមួយក្រសួងរៀបចំដែនដី ដើម្បីបង្កើតឱ្យមានគណៈកម្មការមួយសម្រាប់ដោះស្រាយបញ្ហាបាក់រលំអគារហាងស៊ុបនាគ និងធ្វើការគ្រប់គ្រងអគារដែលបានសាងសង់នៅស័យបារំាងដែលមានវ័យចំណាស់ នៅតំបន់ផ្សារចាស់ និងផបស្រ្ទីតនេះ ដើម្បី​ទប់ស្កាត់ការបង្កឱ្យមានគ្រោះថ្នាក់បាក់រលំអគារនេះនៅថ្ងៃក្រោយទៀត

លោកបានបន្តថា ជំហានដំបូងនៃការ​ដោះស្រាយបញ្ហាបាករលំអគារនេះអាជ្ញាធរចាំ បាច់ឱ្យប្រជាពលរដ្ឋដែលមានផ្ទះជាប់អគារបាក់រលំនេះប្រមាណជា៤ល្វែងផ្អាកធ្វើអាជីវកម្ម និងចាកចេញពីផ្ទះបណ្តោះអាសន្នសិន ចៀសវាងមានគ្រោះថ្នាក់នៅពេលដែលគេសម្អាតអគារដែលបាក់រលំនេះ ហើយក្រុមហ៊ុនដែលមកធ្វើការសម្អាតអគារនេះម្ចាស់ហាងត្រូវរកក្រុមហ៊ុនដែលមានបទពិសោធន៍ ហើយមានបច្ចេកទេសច្បាស់លាល់ចំពោះការងារនេះ។ ពាក់ព័ន្ធបញ្ហានេះដែរកាលពីថ្ងៃទី១៧ ខែកញ្ញា ​ឆ្នាំ២០១៨ អ្នកដែលជួលផ្ទះធ្វើអាជីវកម្មនៅជាប់អគារបាក់រលំនេះបានផ្អាកការធ្វើអាជីវកម្មបណ្តោះអាសន្ន និងចាកចេញពីអគារនេះហើយ។

លោកអភិបាលរងខេត្ត បាន​បញ្ជាក់ថា បន្ទាប់ពីការងារជំហានទី១រួចរាល់ ក្រុមការងារនឹង​បន្តពិនិត្យមើលអគារដែលមានវ័យចំណាស់នៅតំបន់ផ្សារចាស់ និងផបស្រ្ទីតនេះ ថាតើអគារណាដែលអាចបន្តស្នាក់នៅបាន និងអគារណាចាំបាច់ត្រូវជួសជុល និងពិនិត្យទៅលើការប្រើប្រាស់អគារលើតម្រូវការដូចជា អគារដែលបានសាងសង់នៅសម័យបារំាងទាំងនេះ គឺសម្រាប់តែមនុស្សរស់នៅតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវគេបានយកមកធ្វើអាជីវកម្ម ដូចជានៅផ្នែកខាងលើបានកែឆ្នៃឱ្យទៅជាកន្លែងរំាច្រៀង ដែលមានមនុស្សច្រើនលើសទម្ងន់ដែលអគារទ្រមិនបាន ។ បញ្ហាទាំងនេះជាកត្តាចាំបាច់ដែលអាជ្ញាធរត្រូវធ្វើការណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ ករណីម្ចាស់អាជីវកម្មណាមិនធ្វើតាមអាចឈានដល់បិទការធ្វើអាជីវកម្មផងដែរ។

សូមរម្លឹកថា កាលពីវេលារំលងអាធ្រាតចូលថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០១៨ អគារហាងស៊ុបនាគ ដ៏ល្បីនៅក្នុងតំបន់បេះដូងភ្ញៀវទេសចរ ផប់ស្រ្ទីត បានដួលរលំ សង្កត់ស្លាប់កម្មករម្នាក់ និងរបួស៤នាក់៕

ដោយឃុត សៅ