ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រះអនុគណស្រុកកងមាស នាំយកអំណោយជូនដល់អភិបាលខេត្តកំពង់ចាម សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះ និងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់(មានវីដេអូ)

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖
ខេត្តកំពង់ចាម៖ ព្រះបញ្ញារង្សី ស្រ៊ាង ម៉ុក ព្រះអនុ គណស្រុកកងមាស គង់​នៅវត្តកែវមុនី ហៅវត្តថ្មី ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម បាន ផ្តល់​​​អំណោយមនុស្សធម៍ ដល់គណ:កម្មាធិការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពង់ចាម សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងរងផលប៉ះ​ពាល់គ្រោះទឹកជំនន់ទន្លេមេគង្គ ។ពិធីប្រគល់-ទទួលអំណោយ បានធ្វើ​ឡើង​​​នៅសាលាខេត្តកំពង់ចាម នាពីរសៀល ថ្ងៃទី១៧ ខែកញ្ញា ស្ថិតក្នុងអធិបតី​ភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈ​កម្មា​ធិការគ្រោះមហន្តរាយខេត្ត ។


អំណោយដែលបានផ្តល់ជូនគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម នាពេលនេះ រួមមាន៖ ព្រះបញ្ញារង្សី ស្រ៊ាង ម៉ុក ព្រះអនុគណ ស្រុក​​​​​​កងមាស គង់នៅវត្តកែវមុនី ហៅវត្តថ្មី ឃុំអង្គរបាន ស្រុកកងមាស ឧបត្ថម្ភ អង្ករ ២តោន មី៥០កេះ ត្រីខ ១៣យួរ ទឹកត្រី ៥០យួរ ទឹកស៊ីអ៊ីវ ៥០​យួរ ព្រមទាំងថវិកា ១លានរៀលផងដែរ និងអំណោយរបស់ព្រះ​បញ្ញាសោ​ភ័ណ ដេន លាង ព្រះរាជគណៈថ្នាក់កិត្តិយស ព្រះវិន័យធរអនុគណ​ស្រុក​កង​មាស និងជាព្រះចៅអធិការវត្តសុវណ្ណរង្សី (អង្គរបាន) ឃុំអង្គរបាន ស្រុក​កងមាសរួមមាន៖ អង្ករ៤តោននិងគ្រឿងឧបភោគ​បរិភោគមួយ​ចំនួន​ទៀត ។​​


ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងអំ​ណរ​ព្រះគុណ ចំពោះព្រះអនុគណស្រុកកងមាស និងព្រះវិន័យធរអនុគណ​ស្រុកកងមាស ដែលបានឧបត្ថម្ភដល់ជនរងគ្រោះដោយគ្រោះ​ទឹកជំនន់នា​ពេលកន្លងមក ។


ឯកឧត្តម គួច ចំរើន បានសន្យាថានឹងយកអំណោយទាំងនេះ ទៅប្រគល់​អោយដល់ដៃជនរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងយកទៅ​ប្រគេន​ដល់​បណ្តាលវត្តអារាមមួយចំនួន ដែលកំពុងរងគ្រោះ​ដោយទឹកជំនន់​ផង​ដែរ ។
ឯកឧត្តម គួច ចំរើន បានបន្តអំពាវដល់បងប្អូនសប្បុរជននាៗ សូមបន្តឲ្យ​ជួយ​ឧបត្ថម្ភនូវអំណោយផ្សេងៗបន្ថែមទៀត ដើម្បីជួយដល់ជនរងគ្រោះ ដែល​កំពុងរង់ចាំជំនួយសង្គ្រោះបន្ទាន់ដល់ពួកគាត់ ។