ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ជួបជាមួយអ្នកជំនាញជាន់ខ្ពស់ផ្តល់ប្រឹក្សាលើការផ្លាស់ប្តូរគោល នយោបាយ Digital របស់កូរ៉េ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានទទួលជួបលោក មូន ចាងហ្វាន់ អ្នក ជំនាញជាន់ខ្ពស់ផ្តល់ប្រឹក្សាលើការផ្លាស់ប្តូរគោលនយោបាយ Digital និង លោក លី ឆេហ៊ុន អ្នកជំនាញការជាន់ខ្ពស់ផ្តល់ប្រឹក្សាលើបច្ចេកទេសនៃការផ្សាយរបស់សាធារណរដ្ឋកូរ៉េ ប្រចាំ នៅក្រសួងព័ត៌មានកម្ពុជា ដើម្បីពិនិត្យមើលការរីកចម្រើលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និង ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ ជំនួបនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងព័ត៌មាន។ 

លោក មូន ចាងហ្វាន់ បានសម្ដែងនូវការរីករាយចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្ដិទី៦ ដែលទើបបង្កើតឡើងដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹង តាមរយៈការបោះឆ្នោតពី ប្រជាជនកម្ពុជា ជាពិសេសចូលរួមអបអរសាទរដែល ឯកឧត្តម ខៀវ កាញារីទ្ធ ដែល បន្ត តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ដទៀត។ លោកបានបញ្ជាក់ពីការបន្តចូលរួមជួយលើ ការងារក្នុងវិស័យព័ត៌មាន និងការងារ បច្ចេកទេស បន្ដទៀតជាពិសេសខិតខំស្រាវជ្រាវ ស្វែងរកការឆ្លងប្រព័ន្ធរលកសញ្ញារបស់ហ្វ្រេកង់វិទ្យុនៅកម្ពុជាទៅប្រព័ន្ធរលកសញ្ញាបញ្ជាយន្តហោះ។ ទាក់ទងនឹងកិច្ចការនេះ លោកជំនាញការខាងកូរ៉េផ្តល់ជាយោបល់ដល់ ក្រសួងក្រសួង ព័ត៌មានកម្ពុជា គួរតែមានបទបញ្ញត្តិមួយ ដែលត្រូវមានការត្រួតពិនិត្យ ប្រព័ន្ធផ្សព្វផ្សាយគ្រប់ ស្ថានីយវិទ្យុទាំងអស់ជារៀងរាល់ឆ្នាំ បើសិនជាឃើញថា វិទ្យុណាមួយមានការឆ្លងរលកសញ្ញា នៃការផ្សាយវិទ្យុរបស់ខ្លួនទៅប្រព័ន្ធផ្សេងៗត្រូវបញ្ឈប់ និងធ្វើការកែតម្រូវ ប៉ុន្តែជាធម្មតា​គឺមានសម្ភារក្នុងការទប់ការឆ្លងនេះបានដែរ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានស្នើដល់ភាគីកូរ៉េ ក្នុងការផ្តល់ជាសម្ភារ ឬប្រភេទឧប ករណ៍សម្រាប់ទប់ស្កាត់កុំឱ្យមានការឆ្លងរលកសញ្ញាការផ្សាយរបស់វិទ្យុទៅប្រព័ន្ធបញ្ជាយន្តហោះ ដើម្បីឱ្យក្រសួងព័ត៌មានមានវិធានការសម្រាប់អនុវត្តន៍ទៅមុខទៀត៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ខឹម សុវណ្ណារ៉ា