ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប ចង់ប្រែក្លាយតំបន់ស្ពានអាកាសក្បាលថ្នល់ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ — ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត ខេមបូឌា គ្រុប ចង់ប្រែក្លាយតំបន់ស្ពានអាកាសក្បាលថ្នល់ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយក្នុងរាជធានីភ្នំពេញ ដោយគម្រោងធំៗចំនួន៤ នឹងត្រូវសាងសង់ឡើងនៅលើទីតាំងនេះ។ នេះបើតាមការឱ្យដឹងពីលោក Li Min អគ្គនាយក ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងនៅក្នុងពិធីបញ្ចប់ការសាងសង់ គ្រោង ឆ្អឹងអគារព្រីនស៍ ម៉ូឌើន ផ្លាហ្សាជាស្ថាពរ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាម បណ្ដោយមហាវិថីព្រះនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់។

លោក Li Min បានបញ្ជាក់ថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុន គឺចង់ប្រែក្លាយទីតាំងតំបន់ ក្បាលថ្នល់នេះឱ្យក្លាយជាមជ្ឍមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដ៏ធំមួយក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន នឹងកំណើនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលចេះតែមានកំណើន ឥតឈប់ឈរ។ លោកបន្ដថា ជាក់ស្ដែងបច្ចុប្បន្ន ក្រុមហ៊ុន បាន ប្រមូលទិញដីក្នុងទីតាំងតំបន់ស្ពានអាកាសក្បាលថ្នល់នេះ ជាច្រើនម៉ឺនម៉ែត្រការ៉េ រួចរាល់ ហើយ ដែលគម្រោងធំៗចំនួនពីរ ក៏បានលេចជារូបរាងហើយៗដែរ គឺគម្រោងទី១ ឈ្មោះ Prince Central Plaza និងគម្រោងទី២ ឈ្មោះ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ដែលត្រូវបាន ប្រកាសបញ្ចប់គ្រោងអគារនាថ្ងៃនេះ ផ្ទាល់តែម្តង។ ចំណែកគម្រោង២ទៀត ក្នុងទីតាំងនេះ នឹងត្រូវបានចាប់ផ្តើម សាងសង់ជាបន្តបន្ទាប់។

លោកបន្ថែមថា ព្រីនស៍ ម៉ូឌើន ផ្លាហ្សា គឺជាគម្រោងអគារបែបពាណិជ្ជកម្ម និងស្នាក់ នៅ ដោយអគារនេះ ត្រូវបានបែងចែកចេញជាពីរ គឺសម្រាប់ធ្វើជាការិយាល័យ និងខុនដូ ដែលមានបន្ទប់សរុបចំនួន៥៧០ យូនីត កម្ពស់២៧ជាន់ ចំណាយ ទុនវិនិយោគសរុបអស់ ១០០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ជាផ្លូវការនាចុងឆ្នាំ២០១៩ខាងមុខនេះ។

ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ក្នុងកម្មវិធីបញ្ចប់គម្រោងអគារ ព្រីនស៍ ម៉ូឌើន ផ្លាហ្សានេះថា វត្តមាននៃ គម្រោងធំៗរបស់ក្រុមហ៊ុន ព្រីនស៍ ផ្លាហ្សា នៅក្នុងប្រទេសកម្ពុជា ពិតជាបានចូលរួមចំណែក លើកកម្ពស់ការស្នាក់នៅបែបទំនើបដល់ប្រជាពលរដ្ឋក្នុងទីក្រុង និងឆ្លើយតបទៅនឹងតម្រូវការ ភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរចិន ដែលកំពុងមានការកើនឡើងខ្លាំងនៅក្នុង ប្រទេសកម្ពុជា។

បើតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះ មាន​ទំហំទឹកប្រាក់១.៧៨០លានដុល្លារអាម៉េរិក និងមានគម្រោង វិនិយោគចំនួន ១.៣៧០គម្រោង ដែលត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់។
រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បាន វិនិយោគទុនសរុបជាង១.២០០លានដុល្លារ ទៅលើវិស័យអចលនទ្រព្យនៅកម្ពុជា ហើយក្នុង​រយៈពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុន នឹងបង្កើនទុនវិនិយោគឱ្យបាន ៥.០០០លានដុល្លារបន្ថែម ទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ៕

ដោយ ម៉ៅ ចរិយា