ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៨នេះ មន្ទីរពេទ្យព្រះអង្គឌួង ពិនិត្យ និងព្យាបាលជូនដល់ អ្នកជំងឺបានជាង១៥ម៉ឺននាក់

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានអះអាងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៨នេះ មន្ទីរពេទ្យបាន ពិនិត្យ និងព្យាបាលជូនដល់អ្នកជំងឺបានជាង១៥ម៉ឺននាក់ ខណៈកាលពីឆ្នាំ២០១៧ការពិនិត្យ និងព្យាបាលអ្នកជំងឺបានជាង១២ម៉ឺននាក់ ដោយគិតជាមធ្យមក្នុងមួយថ្ងៃ មន្ទីរពេទ្យពិនិត្យ និង ព្យាបាលអ្នកជំងឺបានជាង៨០០នាក់។ នេះបើយោងតាមការបញ្ជាក់របស់ លោកសាស្រ្តាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង​។


លោកសាស្រ្តាចារ្យ លូ លីឃាង បានលើកឡើងថា បើគិតត្រឹមតែ៦ខែ ដើមឆ្នាំ​២០១៨​នេះគឺមានអ្នកជំងឺមកសម្រាកព្យាបាលជាង១៤.០០០នាក់ ស្របពេលដែលកាលពីឆ្នាំ២០១៧ កន្លងទៅ មានតែជាង១៣.០០០នាក់ ប៉ុណ្ណោះ។ លោកសាស្រ្ដាចារ្យបានបន្ដថា បើសិនបើការ សាងសង់អគារនោះរួចហើយ មន្ទីរពេទ្យបានជួយសម្រួលដល់អ្នកជំងឺដែលបានមក សម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបានមួយកម្រិតធំហើយ ប៉ុន្ដែនៅតែមិនគ្រប់គ្រាន់នៅឡើយដោយ សារអ្នកជំងឺ ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកសាស្រ្ដាចារ្យបានពន្យល់ថា ការ កើនឡើងអ្នកជំងឺនេះ ដោយមន្ទីរពេទ្យ បានធ្វើការពង្រឹងគុណភាពសេវាព្យាបាល ជាពិសេស គឺការគ្រប់គ្រងសីលធម៌របស់គ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ។ ទន្ទឹមនេះ សម្រាប់អ្នកមានអ្នក ជំងឺដែលមកបង់សេវាហិរញ្ញប្បទានក៏មកព្យាបាល នៅទីនេះដែរ រួមទាំងមន្រ្តីរាជការ ទាំង កម្មកររោងចក្រនិងកម្មករក្រៅប្រព័ន្ធ ដែលបច្ចុប្បន្ននេះមន្ទីរពេទ្យមានគ្រែតែ១៣៤គ្រែ តែមន្ទីរ ពេទ្យបានដំឡើងគ្រែរហូតដល់២៧៦គ្រែដែលចំនួននេះកើនឡើងជិត២ដង។

លោកសាស្រ្តាចារ្យ លូ លីឃាង បានបន្ថែមទៀតថា បើតាមការឱ្យដឹងពីក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ នៅពេលខាងមុខ រដ្ឋាភិបាលចិនមានគម្រោងជួយសាងសង់អគារ សម្រាក​ព្យាបាលដល់មន្ទីរពេទ្យព្រះអង្គឌួង ១ខ្នងថ្មីបន្ថែមទៀត ដែលមានកម្ពស់៩ជាន់ ហើយសង្ឃឹម ថា មន្ទីរពេទ្យនឹងមានកន្លែងសម្រាកព្យាបាលគ្រប់គ្រាន់ ហើយលែងខ្វះខាតបន្ទប់សម្រាប់ អ្នកជំងឺដូចពេលនេះទៀតហើយ។

ក្នុងការចុះពិនិត្យមើលការសាងសង់អគារសម្រាកព្យាបាលថ្មី នៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បាន វាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំមន្ទីរពទ្យ និងគ្រូពេទ្យរបស់មន្ទីរពេទ្យព្រះអង្គឌួង ទាំងអស់ ដែលបានខិតខំបម្រើសេវាសាធារណៈលើវិស័យសុខាភិបាលនេះបានល្អ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្ទីរសុខាភិបាលទាំងអស់ ជាពិសេសគ្រូពេទ្យឱ្យខិតខំបំពេញការងារបម្រើ សេវាសុខាភិបាលសាធារណៈនេះឱ្យបានល្អបន្ថែមទៀផងដែរ។


សូមបញ្ជាក់ថា អគារថ្មី១ខ្នងដែលកំពុងសាងសង់នេះ មានកម្ពស់៥ជាន់ ៤៨បន្ទប់ និងមានគ្រែសម្រាក៤៨គ្រែ បានចាប់ផ្ដើមការសាងសង់នៅក្នុងឆ្នាំ២០១៤ នឹងបញ្ចប់ការសាង សង់នៅក្នុងរង្វង់ខែមីនា ឆ្នាំ២០១៩ខាងមុខ ដែលការសាងសង់ប្រើប្រាស់កញ្ចប់គម្រោងថវិកា របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ អ៊ុន រិទ្ធី