ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសំណង់ ត្រូវបានផ្សព្វផ្យាយនៅខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — ច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសំណង់ ត្រូវបានឯកឧត្តម លី វណ្ណសូត្រ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្សព្វផ្សាយដល់មន្ត្រីជំនាញ បុគ្គលិក សិក្សាគម្រោង ប្លង់ ក្រុមហ៊ុមសាងសង់ និងក្រុមជាងសំណង់ខេត្តពោធិ៍សាត់ ឱ្យបានយល់កាន់តែច្បាស់ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារខេអឹម។

លោក លៀម ប៊ុនរឿន ប្រធានមន្តីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តពោធិ៍សាត់ បានថ្លែងថា ក្នុងឆ្នាំ២០១៧ ក្រសួងនិងមន្ទីរ បានប្រជុំផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធវិស័យសំណង់ដល់អាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ដោយមានអ្នក ចូលរួម៤១៨នាក់ និងឆ្នាំ២០១៨ មានអ្នកចូលរួម១៩៨នាក់។ លទ្ធផលសំណង់សម្រេច បានក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨សំណង់ដែលមានការអនុញ្ញាតចំនួន៣៨គម្រោង មានផ្ទៃដី ជិត១៤ពាន់ម៉ែត្រការេ និងសំណង់គ្មានការអនុញ្ញាត ៦៧គម្រោងមានផ្ទៃដីជាង១៤ពាន់ម៉ែត្រ ការេដោយប្រមូល ចំណូលពីសេវាសុរិយោដីនិងសេវា សំណង់បាន ជាង៤៤៣ លានរៀល ស្មើនឹង១០៣ភាគរយ។

ឯកឧត្តម លី វណ្ណសូត្រ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានថ្លែងថា ច្បាប់ លិខិតបទដ្ឋានគតិយុត្តស្តីអំពីការគ្រប់គ្រង និងការប្រកបអាជីវ កម្មវិស័យ សំណង់ដែល បានយកមកធ្វើការផ្សព្វផ្សាយ នៅក្នុងខេត្តពោធិ៍សាត់នាពេលនេះ ក្នុងគោលបំណងឱ្យ មន្ត្រីជំនាញ បុគ្គលិកសិក្សាគម្រោង ក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់បានយល់កាន់ តែច្បាស់មានភាពល្អប្រសើរ ប្រកបដោយគុណភាព សមត្ថភាព និងគោរពទៅតាមបទដ្ឋាន ច្បាប់ច្បាស់លាស់ត្រឹមត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ លិខិតបទដ្ឋានពាក់ព័ន្ធទៅនឹងវិស័យ សំណង់ ទាំងនោះរួមមាន៖ ១.អនុក្រឹត្យលេខ៨៦អនក្រ.បក ស្តីពីលិខិតអនុញ្ញាត សាងសង់(ឆ្នាំ១៩៩៧), ២. អនុក្រឹត្យលេខ៤២អនក្រ.បកស្តីពីនគរូបនីយ កម្ម រាជធានី ក្រុង និងទីប្រជុំឆ្នាំ(២០១២), ៣.និតិវិធីនៃការចុះបញ្ជីប្រកបអាជីវកម្មសំណង់, ៤.នីតិវិធីនៃការ សិក្សាគម្រោងប្លង់ (ប្លង់ស្ថាបត្យកម្មនិងគ្រឿងបង្គុំ), ៥.នីតិវិធីនៃការពិនិត្យគម្រោងប្លង់ និង៦.ការណែនាំអំពីឧបករណ៍ បច្ចេកវិទ្យាត្រួតពិនិត្យសំណង់។

តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយរយៈពេលមួយព្រឹកនេះនាយកដ្ឋានសំណង់រួមជាមួយនឹងមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តនឹងធ្វើបទបង្ហាញមានសំណួរ ចម្លើយ ដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើនិងបទពិសោធន៍សម្រាប់យកទៅអនុវត្តន៍ឱ្យ កាន់តែមានប្រសិទ្ធភាព គុណភាពតាមអភិក្រម រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលផល។ ម្យ៉ាងវិញទៀតត្រូវខិតខំអនុវត្តន៍ភារ កិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ក្នុងការបម្រើសេវា សាធារណៈបានល្អប្រសើរស្របតាមពាក្យស្លោក របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើឱ្យបានធ្វើឱ្យលឿន និងធ្វើ ឱ្យមានតម្លាភាពទាំងសេវាសុរិយោដី និងទាំងសេវាសំណង់៕

ដោយ ណៅ ធឿន