ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា បានអនុញ្ញាតឱ្យប្រតិភូយុវជននៃសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំមុន នឹងចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៥។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការស្វាគមន៍ និងអប អរសាទរចំពោះក្មួយៗទាំងអស់ ដែលត្រូវបានជ្រើសរើសតាមរយៈកម្មវិធីប្រឡងរបស់ក្រសួង អប់រំយុវជន និងកីឡា ដើម្បីជាតំណាងរបស់យុវជន នៃព្រះរាជាណាចក្រកម្ពុជាទៅចូលរួម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៥ ឆ្នាំ២០១៨នេះ។

សម្តេចប្រមុខរដ្ឋស្តីទីបានលើកសរសើរ និងលើកទឹកចិត្តដល់ក្រសួងអប់រំយុវជន និងកីឡាក៏ដូចជាសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានខិតខំរៀបចំកម្មវិធីនេះ ឡើងតាំងពីឆ្នាំ២០០០មក ពោលគឺ១ឆ្នាំក្រោយពីកម្ពុជាបានចូលជាសមាជិកអាស៊ានក្នុង ឆ្នាំ១៩៩៩ ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា បានពង្រីកនូវចំណេះដឹងរបស់ខ្លួន និងបាន ឈ្វេងយល់អំពីតួនាទីដ៏សំខាន់នៃការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គមជាតិ ជា ពិសេសផ្តល់នូវការចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍធនធានមនុស្ស និងការចូលរួមក្នុង សកម្មភាពរបស់សង្គមជាមួយយុវជននៃប្រទេសជប៉ុន និងយុវជនមកពីប្រទេសអាស៊ាន ទាំង៩ ផ្សេងទៀត។

សម្តេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ទោះបីប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាន ក្រោយគេតែប្រទេសកម្ពុជាបានធ្វើការយ៉ាងសកម្មជាមួយប្រទេសសមាជិក អាស៊ានទាំងអស់ ដើម្បីសម្រេចគោលដៅរបស់អាស៊ាន “ទស្សនៈវិស័យតែមួយ អត្តសញ្ញាណតែមួយសមាគម តែមួយ”។

សម្តេចបានបន្តថា ក្មួយៗទាំងអស់ដែលកើតក្នុងសម័យនេះ ពិតជាមានសំណាងខ្លាំង ណាស់ដែលបានរស់នៅ និងសិក្សារៀនសូត្រពេញលេញក្នុងសង្គមមួយប្រកបដោយសុខ សន្តិភាព និងការរីកចម្រើនជាពិសេសមានការគាំទ្រ ការផ្តល់ឱកាស និងការផ្តល់តម្លៃយ៉ាង ខ្លាំងដល់យុវជន ដែលជាសសរទ្រូងរបស់ជាតិទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតពីសំណាក់ រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល ជាពិសេសអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិ បាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ដូច នេះក្មួយៗមានឱកាសល្អណាស់ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ជាអ្នកបន្តវេនដឹកនាំល្អ និងជាពលរដ្ឋល្អនាពេលអនាគត។ ក្នុងឱកាសដែលចូលរួមក្នុងនាវា យុវជនអាស៊ីអាគ្នាយ៍នេះ ក្មួយៗជាយុវជនគំរូរបស់ប្រទេសកម្ពុជា និងមានភារកិច្ចច្រើនក្នុង នោះត្រូវមានការផ្សព្វផ្សាយជូនមិត្តភក្តិនៃប្រទេសជប៉ុន និងយុវជនអាស៊ីអាគ្នេយ៍នៃប្រទេស ៩ទៀត អំពីសភាពការណ៍ពិតរបស់ប្រទេសកម្ពុជា ហើយដកស្រង់បទពិសោធន៍ល្អៗនិង ឈ្វេងយល់អំពីសភាពការណ៍នៃបណ្តាប្រទេសនីមួយៗ ដើម្បីយកមកពិចារណាច្នៃ អនុវត្តឱ្យសមស្របតាមសភាពការណ៍របស់ប្រទេសយើងឱ្យ មានប្រសិទ្ធភាព។

សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថែមទៀតថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន កំពុងធ្វើដំណើរយ៉ាងរឹងមាំលើមាគាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍកម្ពុជាបាន សម្រេចនូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយក្នុង១ឆ្នាំ។ ចំណូលរបស់ប្រជាជនកម្ពុជាម្នាក់ៗ ឆ្នាំកន្លងមកនេះ បានកើនឡើងដល់១.៤៣៥ដុល្លារសហរដ្ឋអាមេរិក តាមការព្យាករណ៍នៅ ឆ្នាំ២០១៨ ចំណូលរបស់ប្រជាជនកម្ពុជាម្នាក់ៗបានប្រហែល ជិត១.៥០០ដុល្លារ សហរដ្ឋ អាមេរិក។ អត្រានៃភាពក្រីក្ររបស់ប្រជាជនកម្ពុជាត្រូវបានកាត់បន្ថយបានជាង ១ភាគរយ ក្នុង១ឆ្នាំ។ បច្ចុប្បន្នប្រទេសកម្ពុជាបានក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប។ ក្នុងនោះលើការងារបរទេស ប្រទេសកម្ពុជាជាប្រទេស ដែលស្មើសិទ្ធិ ស្មើភាពជាមួយបណ្តា ប្រទេសទាំងអស់នៅលើពិភពលោកលើកិច្ចការអន្តរជាតិ ពីប្រទេសមួយដែលធ្លាប់ទទួលយក កងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិមកជួយការពារសន្តិភាព បានក្លាយទៅជា ប្រទេសមួយដែលបញ្ជូនកងទ័ពមួកខៀវ ក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅចូលរួមការពារ សន្តិភាពនៅប្រទេសមួយចំនួននៅក្នុងពិភពលោក។

សម្តេចប្រមុខរដ្ឋស្តីទីបានមានប្រសាសន៍ថា នៅឆ្នាំ២០១៨នេះ ជាឆ្នាំដែលប្រទេស កម្ពុជា ត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦។ ការបោះឆ្នោតបាន ប្រព្រឹត្តទៅ ក្នុងបរិយាកាសសន្តិភាព គ្មានអំពើហិង្សាមានលក្ខណៈសេរី និងយុត្តិធម៌ ពិតប្រាកដ ហើយ សហគមន៍អន្តរជាតិបានអបអរសាទរ ចំពោះលទ្ធផលនៃការបោះឆ្នោត និងផ្ញើសារលិខិតអបអរសាទរជាបន្តបន្ទាប់ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា។ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ រាជរដ្ឋាភិបាលថ្មី បានចូលស្បថ និងសច្ចាប្រណិធាន មុននឹងចូលកាន់តំណែង។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងអនុវត្តន៍នូវកម្មវិធីនយោបាយយ៉ាងសកម្ម និងមានប្រសិទ្ធ ភាពក្នុងគោលបំណងគោលដៅ និងទស្សនវិស័យ ដើម្បីប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជា ប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមាន ចំណូល ខ្ពស់នៅឆ្នាំ២០៥០។

សម្តេចប្រមុខរដ្ឋស្តីទី បានស្នើឱ្យក្មួយៗទាំងអស់ ត្រូវខិតខំថែរក្សាឱ្យបានល្អនូវទំនាក់ ទំនងមិត្តភាពទាំងផ្ទៃក្នុងជួរយុវជនរបស់ប្រទេសកម្ពុជា និងជាមួយនឹងយុវជននៃបណ្តា ប្រទេសនីមួយៗ និងសូមឱ្យក្មួយៗថែរក្សាឱ្យបានល្អ ថ្លៃថ្នូរទាំងក្នុងទំនាក់ទំនងក្នុងជីវភាព រស់នៅក្នុងសាមគ្គីភាព ឯកភាពទាំងផ្ទៃក្នុងជួរយុវជនរបស់យើង និងយកចិត្តទុកដាក់ថែរក្សា សុខភាព មានទំនាក់ទំនងល្អជាមួយគ្នាធ្វើយ៉ាងណាឱ្យមានការរីកចម្រើនទាំងអស់គ្នា ដូចសុភាសិតខ្មែរពោលថា (នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ) ដើម្បីនាំមកនូវ កិត្តិយសជូនប្រទេសកម្ពុជា និងសូមជូនពរដល់ក្មួយៗទទួលបានជោគជ័យ ភាពសប្បាយ រីករាយ ព្រមទាំងទទួលបាននូវអនុស្សាវរីយ៍ និងបទពិសោធន៍ល្អៗត្រឡប់មក មាតុភូមិ យើងវិញ។

តាមរបាយការណ៍លោក ណៃ សេមណារ័ត្ន តំណាងប្រតិភូយុវជននាវាអាស៊ីអាគ្នេយ៍ កម្ពុជាលើកទី៤៥ បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា កម្មវិធីរបស់ប្រតិភូនាវាយុវជនអាស៊ី អាគ្នេយ៍កម្ពុជា លើកទី៤៥ មានរយៈពេល៥២ថ្ងៃ ដែលនឹងត្រូវចេញដំណើរពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ មានយុវជនអាស៊ាន និងជប៉ុន ទាំងអស់សរុបចំនួន ៣៣០នាក់ ជួបគ្នាដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីធ្វើការបើកកម្មវិធីជាផ្លូវការ។ ប្រតិភូយុវជនទាំងអស់នឹងត្រូវបន្តដំណើរទស្សនកិច្ចតាមនាវាមួយគ្រឿង ដែលមានឈ្មោះថា Nippon Maru ដើម្បីទៅកាន់ប្រទេសចំនួន៤ទៀតគឺ ប្រទសព្រុយណេ ប្រទេសហ្វ៊ីលីពីន ប្រទេសថៃ និងប្រទេសវៀតណាម។ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីពង្រឹង ពង្រីកចំណងមិត្ត​ភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន តាមរយៈយុវជនដោយផ្តោតសំខាន់ទៅលើការប្រជុំពិភាក្សា ការសម្តែងសិល្បៈ វប្បធម៌ និងការធ្វើដំណើរ៕

ដោយ ប៉ាល់ សុង