ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ភាពយន្តខ្លីស្នាដៃរបស់យុវសិស្សកម្ពុជាចំនួន៣រឿង នឹងត្រូវយកទៅចាក់បញ្ចាំងនៅប្រទេសជប៉ុន

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកវ៉ាង ភក្តី

ភ្នំពេញ៖ ភាពយន្តខ្លីដែលជាស្នាដៃរបស់យុវសិស្សកម្ពុជាចំនួន៣រឿង នឹងត្រូវយកទៅចាក់បញ្ចាំងនៅប្រទេសជប៉ុន ក្រោយពីឆ្លងកាត់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជា ក្នុងចំណោម ស្នាដៃផលិតដោយកុមារកម្ពុជាចំនួន១២រឿង នៅក្នុងឆ្នាំ២០១៨នេះ។

  លោក ស៊ូហ្សឹគី ហ៊ីរ៉ូណូរី ទីប្រឹក្សាស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ភាពយន្តខ្លីដែលផលិតដោយកុមារកម្ពុជានេះ នឹងត្រូវយកទៅចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងគីតាមិ ខេត្តហុកកៃដូ ប្រទេសជប៉ុន នាចុងខែវិច្ឆិកាខាងមុខនេះ។

  ថ្លែងក្នុងកម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងប្រទេសកម្ពុជា នៃមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី លើកទី១០ ដែលធ្វើនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា CJCC ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែកញ្ញានេះ លោក ស៊ូហ្សឺគី ហ៊ីរ៉ូណូរី បានបញ្ជាក់ថា សមាជិកដែលជាអ្នកផលិតរឿងទាំង៣នៃរង្វាន់ជ័យលាភី នឹងត្រូវចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយសិស្សានុសិស្សនៃប្រទេសជប៉ុន និងសិស្សមកពីបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត ព្រមទាំង មានប្រទេសទីម័រខាងកើត ចិន តៃវ៉ាន់ ម៉ុងហ្គោល និងកូរ៉េខាងត្បូងផងដែរ។

 លោកជឿជាក់ថា កុមារកម្ពុជា ដែលត្រូវបានជ្រើសរើសនឹងទទួលបានបទពិសោធន៍នៃវប្បធម៌ និងទំនាមទំលាប់ជប៉ុន ព្រមទាំងបង្កើតមិត្តភក្តិជាច្រើន ហើយនឹងនាំយកអនុស្សាវរីយ៍ជាច្រើនពីប្រទេសជប៉ុនមកកាន់កម្ពុជាវិញ ក្រោយពីពួកគេបានទទួលចូលរួមប្រកួតនៅប្រទេសជប៉ុន។

  សូមបញ្ជាក់ថា ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រៀបចំនូវការប្រកួតផលិតរឿងខ្លីមានរយៈពេលត្រឹមតែ៣នាទី សម្រាប់សិស្សវិទ្យាល័យចូលរួមប្រកួតលើកទី១០ ប្រចាំឆ្នាំ២០១៨នេះ ក្រោមប្រធានបទ «ទំនួលខុសត្រូវផ្ទាល់ខ្លួន» ក្នុងគោលបំណងដល់ការយល់ដឹង ស៊ីជម្រៅ ព្រមទាំងបង្កើនមិត្តភាពរវាងយុវជន និងប្រជាជនក្នុងតំបន់អាស៊ីខាងកើត ក៏ដូចជាជំរុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម  និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត៕