ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រម្មណីយដ្ឋានភ្នំត្បែងនៅខេត្តព្រះវិហារកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងខ្លាំង

 វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកធីណា ឌីណេ

ភ្នំពេញ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារបានអៈអាងថា រម្មណីយដ្ឋានភ្នំត្បែង កំពុងទាក់ទាញភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិយ៉ាងខ្លាំង  ដែលបានជួយផ្តល់ប្រភពចំណូលបន្ថែមដល់ប្រជាពលរដ្ឋ។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា តំបន់ធម្មជាតិ​ភ្នំត្បែងនេះ គឺជាផលិតផលថ្មីមួយ សំរាប់វិស័យទេសចរណ៍ក្នុងខេត្ត  ដែលកំពុងទាក់ទាញភ្ញៀវជាតិនឹងអន្តរជាតិ  ទាំងថ្ងៃបុណ្យថ្ងៃឈប់សំរាកឬថ្ងៃធម្មតា។

 លោកថា ភាគច្រើនភ្ញៀវទៅកំសាន្តជាប់ជាប្រចាំ ដោយសារតែតំបន់នោះមានរម្មណីយដ្ឋានអរិយធម៌  មានទឹកធ្លាក់​ត្រជាក់ ធ្វើអោយប្រជាពលរដ្ឋចង់ងូតទឹកលេងកំសាន្ត ថែមទាំងមានខ្យល់អាកាស ល្អបរិសុទ្ធ ទៀតផង។

លោកបន្តថា ភ្ញៀវទេសចរទៅលេងរម្មណីយដ្ឋានភ្នំត្បែងយ៉ាងច្រើននេះ បានធ្វើឲ្យប្រជាពលរដ្ឋ នៅតំបន់នេះ​មានមុខ​របរបន្ថែម ដូចជាបំរើសេវាកម្មទេសចរណ៍ លក់ម្ហូបអាហារ លក់វត្ថុអនុស្សារីយ៍ ធ្វើឲ្យពួកគាត់មាន​​ចំណូល​ឈានទៅរកជីវភាពកាន់តែប្រសើរឡើងបន្ថែមទៀត។

លោកអៈអាងថា មន្ទីរទេសចរណ៍ នឹងពង្រឹងការអប់រំ លើផ្នែកសេវាកម្មចំណីអាហារឲ្យមានអនាម័យ និងតម្លៃសមរ្យម ដើម្បីបំរើសេវាកម្មឲ្យកាន់តែល្អ ធ្វើអោយភ្ញៀវមានការពេញចិត្ត នៅពេលដែលមក​​កំសាន្ត​នៅទីនោះ។

 សម្លេង៖ «ជាគោលដៅទាំងនេះគឺយើងមានផែនការសកម្មភាព យើងនឹងចាប់មន្រ្តីចុះនៅទៅនោះ ក៏ដូចជាការរួមចំណែកធ្វើ​​អោយប្រសើរ​ឡើងនៅកំរិតជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ រម្មណីយដ្ឋានតាមរយៈវិស័យទេសចរណ៍នេះ។

ហើយយើងមានសារផ្សេងៗយកទៅបិតទៅតាមរម្មណីយដ្ឋាន ដើម្បីបង្ហាញ អំពីការចូលរួមពីភ្ញៀវ ជាតិនិងអន្តរជាតិដែល​​បានអញ្ជើញមកលេង ក៏ដូចជាការបង្ហាញអំពីការយល់ដឹងអំពីការប្រកបរបរសេវាផ្សេងៗនៅទីនោះ​​ដើម្បីរួចចំណែក​​ធ្វើយ៉ាង​​ណាអោយកិច្ចការនីមួយៗ បានទទួលបាននូវភាពស្អាត សំរាប់ភ្ញៀវទេសចរដែលមកលេង ហើយចំនុចសំខាន់ៗ​​មួយទៀត​គឺយើងចេញសារណែនាំការរៀបចំពីបញ្ហាបន្ទប់ទឹក បង្គន់អនាម័យអោយបានស្អាត មានទឹកសំរាប់អោយភ្ញៀវប្រើប្រាស់»។ 

  តាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានអោយដឹងទៀតថា ក្នុងរយៈពេល៨ខែក្នុងឆ្នាំ២០១៨នេះ ខេត្តព្រះវិហារបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចំនួនជាង៣០៩,៤០០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនជាង ២៦ម៉ឺន៦ពាន់នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៤ម៉ឺន៣ពាន់នាក់ ។

  សូមបញ្ជាក់ថា តំបន់បេតិកភណ្ឌភ្នំត្បែងគ្រប់ដណ្តប់ចំនួន៥ស្រុក គឺស្រុក គូលេន សង្គមថ្មី ត្បែងមានជ័យ ក្រុងព្រះវិហារ និងរវៀង តាមរយៈសំណើររបស់ក្រសួងបរិស្ថាន ត្រូវបានរាជរដ្ឋាភិ    បាលកម្ពុជា បានដាក់បញ្ចូល តំបន់ភ្នំត្បែង ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦៕

ទិដ្ឋភាពវត្តភ្នំត្បែងមើលពីលើ។ រូបភាព៖ CATP