ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជានឹងបើកឆាកប្រកួត AFF Suzuki Cup 2018 មុនគេ ក្នុងចំណោមបណ្តាប្រទេស ក្នុងអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — ការប្រកួត​ពាន​រង្វាន់​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018​ ២០១៨ គឺក្រុម ជម្រើសជាតិកម្ពុជានឹងប្រកួតបើកឆាកមុនគេជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅរាជធានី ភ្នំពេញ នៅក្នុងចំណោមបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន។ នេះបើតាមការប្រកាសឱ្យ ដឹងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីចុងសប្តាហ៍កន្លងទៅ នៅផ្សារទំនើបអ៊ីអន១។

កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពានរង្វាន់ ​AFF Suzuki Cup 2018 ​មុនគេ​ជាមួយ​ក្រុម ម៉ាឡេស៊ី​ នា​ថ្ងៃទី០​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​​ ដំណើរ​នៃ​ការប្រកួត​ពាន​ប្រចាំ​តំបន់​អាស៊ាន​នេះ បន្ទាប់ពី​កម្ពុជា នឹងធ្វើ​ដំណើរ​ទៅកាន់​ទីប្រទេស​ថៃ​ ​វៀតណាម​ ​ឥណ្ឌូណេស៊ី​ ហ្វីលីពីន​ និង​ប្រទេសមី​យ៉ាន់​ម៉ា​​។​

​ សម្រាប់ប្រទេស​ដែល​ចូលរួម​លេង​ក្នុង AFF Suzuki Cup 2018 មាន​ចំនួន​១០​ប្រទេស​ចែកចេញជា​២​ពូ​ល​កឺ ពូ​ល​A មាន​កម្ពុជា វៀតណាម ម៉ាឡេស៊ី ឡាវ និង​មី​យ៉ាន់​ម៉ា​ និង​ពូ​ល​B​ មានក្រុម​ការពារ​តំណែង​ជើងឯកឆ្នាំចាស់ ថៃ, ​ឥណ្ឌូណេស៊ី ​ហ្វីលីពីន​ សិង្ហ​បុរី ​និង​ទី​ម័​រ​ខាងកើត​។ ​ក្រុម​ជម្រើសជាតិ​ទាំង​១០​ប្រទេស​នេះ នឹង​ប្រកួត​ដណ្តើម​តំណែង AFF Suzuki Cup​នេះ ចាប់ពី​ថ្ងៃទី​០៨​ ខែវិច្ឆិកា​ដល់​១៥ ​ខែធ្នូ​ឆ្នាំ​២០១៨​ ដោយ​ការប្រកួត​នឹងត្រូវ​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​មុនគេ។​


​នាយក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ស៊ុយ​ហ្ស៊ុ​យ​គី​ម៉ូ​ទ័​រ ​លោក​ ណូ​ប៊ុ​យ​អូ​គី​ដូ​កូ​រ៉ូ បា​ន​ថ្លែងថា ក្រុមហ៊ុន​ស៊ុយ​ហ្ស៊ុ​យ​គី​បាន​ឧបត្ថម្ភ​AFFSuzukiCup​តាំងពី​ឆ្នាំ​២០០៨​មក​ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​កីឡា​បាល់ទាត់នៅក្នុងតំបន់ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកបន្ថែមថា ​ឆ្នាំនេះ​គឺជា​ឆ្នាំ​គម្រប់​ខួប​១០​ឆ្នាំ​នៃ​ការឧបត្ថម្ភ​របស់​ស៊ុយ​ហ្ស៊ុ​យ​គី​ដល់​ AFF Suzuki Cup​ ហើយលោក​សង្ឃឹមថា​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​បង្វឹក​ដោយ​លោក​ហុងដា ​នឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ប្រកួត​នេះ៕

ដោយ ហេង ណាលីន