ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍កម្ពុជាស្វាគមន៍អ្នកវិនិយោគ ក្នុងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ​​​បន្ថែមទៀត

AKP សៀមរាប ថ្ងៃទី១៧ ខែកញ្ញា ឆ្នំាំ២០១៨ — រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជាស្វាគមន៍អ្នកវិនិយោគជាច្រើន ក្នុងការ បង្កើតផលិតផលទេសចរណ៍ថ្មីៗ​​​បន្ថែមទៀត​ ដូចជា​ទីក្រុងទេសចរណ៍ស្អាតនិងបៃតងថ្មីទំនើប តំបន់​ទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ឆ្នេរ និងកោះមជ្ឈមណ្ឌល​វិស្សមកាល​ និង​​​​កីឡាទេសចរ ណ៍ និង​ទេសចរ​វ័យ​ចំណាស់ ដើម្បី​ធ្វើ​ឱ្យអ្នកទេសចរដែលបាន​មកកម្សាន្តនៅកម្ពុជាមាន​ការពេញ​ចិត្តមកម្តងហើយចង់ មកម្តងទៀត។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងបើក​ពិធីបើកវេទិកាវិនិយោគ ទេសចរណ៍កម្ពុជាលើកទី១ក្រោមប្រធានបទ“ឱកាសការវិនិយោគទេសចរណ៍នៅកម្ពុជា” នៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នំា២០១៨នេះថា ជាចក្ខុវិស័យទេសចរណ៍ អាស៊ានត្រឹមឆ្នាំ២០២៥ អាស៊ាននឹងក្លាយជាគោលដៅទេសចរណ៍ល្អឯក ប្រកបដោយ គុណភាព ពិពិធភាព បទពិសោធន៍ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍ ប្រកបដោយការ ទទួលខុសត្រូវ រួមចំណែកលើកស្ទួយសេដ្ឋកិច្ច សុខុមាលភាពសង្គមប្រជាជាតិអាស៊ាន។

ចំពោះកម្ពុជានៅក្នុងយុទ្ធសាស្រ្តទាក់ទាញ និងត្រៀមទទួល​ទេសចរអន្តរជាតិចំនួន ១៥លាននាក់ និងភ្ញៀវទេសចរជាតិ ១៥លាននាក់ នៅក្នុងឆ្នាំ២០៣០ កម្ពុជាបាន ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍ដែលមានស្រាប់ ហើយក៏ស្វាគមន៍ ចំពោះអ្នកវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗ​​​បន្ថែមទៀត​ដូចជា​ ទីក្រុងទេសចរណ៍ ស្អាត និងបៃតងថ្មីទំនើប តំបន់​ទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ឆ្នេរ និងកោះមជ្ឈមណ្ឌល​វិស្សមកាល​ និង​​​​កីឡាទេសចរណ៍ រមណីយដ្ឋានតំបន់​ទេសចរណ៍ផ្ទះទី២ និង​ទេសចរ​វ័យ​ចំណាស់ សួនកម្សាន្ត​របស់​កុមារនៅតំបន់ទេសចរណ៍ ទេសចរណ៍សត្វព្រៃ ហាងលក់ទំនិញ ទំនើបៗ (Luxurious​ Shopping) ភោជនីយដ្ឋាន​លំដាប់​ខ្ពស់ សណ្ឋាគារ​​​​​​​ប្រណីតៗលំដាប់ ផ្កាយ៤ ផ្កាយ៥។

បើតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ រហូតដល់ឆ្នាំ២០៣០ កម្ពុជាតម្រូវឱ្យ​មានបន្ទប់សណ្ឋាគារ​ ១០ម៉ឺនបន្ទប់ (ក្នុងនោះ បន្ទប់សណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥ ប្រមាណ ៦០ភាគរយ)។ បច្ចុប្បន្ន កម្ពុជាមាន​​បន្ទប់សណ្ឋាគារ​ប្រមាណ ៤ម៉ឺន៥ពាន់បន្ទប់ រួចហើយ (ក្នុងនោះ បន្ទប់សណ្ឋាគារផ្កាយ៤ និងផ្កាយ៥ មានតែ២ម៉ឺន៥ពាន់បន្ទប់ប៉ុណ្ណោះ)។

ឯកឧត្តមបាន​បញ្ជាក់ថា វេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទីមួយនេះ ជាវេទិកា នៃការជួបជុំគ្នា​រវាងវាគ្មិនជាតិ និងអន្តរជាតិសំខាន់ៗមកពីស្ថានប័នរដ្ឋ ដែលដៃគូអភិវឌ្ឍ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ទាំងក្នុងប្រទេសតំបន់ និងអន្តរជាតិចំនួន១១ប្រទេសដែល មានចំណេះដឹង និងបទពិសោធន៍អនុវត្តន៍ល្អៗក្នុងវិស័យវិនិយោគ ដើម្បីចែករំលែក បទពិសោធន៍លើប្រធានបទសំខាន់ៗដូចជា៖១.និន្នាការនៃវិស័យទេសចរណ៍ក្នុងតំបន់, ២.គោលនយោបាយគាំទ្រវិនិយោគរបស់រាជរដ្ឋាភិបាល, ៣.ទស្សនៈវិនិយោគិននិងវិស័យ ឯកជនលើការវិនិយោគទេសចរណ៍ និង៤.វេទិកាពិភាក្សា​ និងផ្តល់អនុសាសន៍ ដើម្បីលើក កម្ពស់បរិយាកាស​វិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជាកាន់តែល្អ និងមានការ ទាក់ទាញថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា លទ្ធផលដែលកើតចេញពីវេទិកានេះ ក៏នឹងប្រើប្រាស់ជាមូលដ្ឋានគ្រឹះ សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ វិនិយោគវិស័យទេសចរណ៍ ឱ្យស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលបំណងរបស់អ្នកវិនិយោគ។

ក្រសួងទេសចរណ៍បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍រាល់គម្រោង វិនិយោគទេសចរណ៍ ដែលមានការគិតគូរហ្មត់ចត់ដល់កិច្ចការពារ បេតិកភណ្ឌវប្បធម៌ បរិស្ថាន និងនិរន្តរភាពទេសចរណ៍ ស្របតាមទស្សនទាន អភិរក្ស បម្រើដល់ការអភិវឌ្ឍ និងការអភិវឌ្ឍន៍ បម្រើការអភិរក្ស៕

ដោយ ឃុត សៅ