ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាមត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់មហាសន្និបាត​ ASOSAI

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — ការិយាល័យសវនកម្មរដ្ឋវៀតណាម ( SAV ) បានប្រកាសថា ការត្រៀមរៀបចំមហាសន្និបាតលើកទី ១៤ នៃវិទ្យាស្ថានសវនកម្មកំពូលនៃស្ថាប័នអាស៊ី (ASOSAI) នៅខែកញ្ញានេះត្រូវបានបញ្ចប់។

SAV បានកំណត់រៀបចំព្រឹត្តិការណ៍មហាសន្និបាត ASOSAI នេះ នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែកញ្ញា។ ព្រឹត្តិការណ៍នេះជាការរៀបចំលើកដំបូងនៅក្នុងប្រទេសវៀតណាម ក្រោមប្រធានបទ «បរិយាកាសសវនកម្មសម្រាប់កិច្ចអភិវឌ្ឍដោយចីរភាព » ។

អគ្គសវនករនៃ SAV លោក Ho Duc Phoc បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីធ្វើការត្រួតពិនិត្យចុងក្រោយទៅលើការត្រៀមរៀបចំ និងពិនិត្យឡើងវិញនូវប្លង់មេសម្រាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។ ហេតុដូច្នេះ របៀបវារៈនៃមហាសន្និបាត ASOSAI លើកទី ១៤ ក៏ដូចជាការងារភ័ស្តុភារក្នុងការជួយជ្រោមជ្រែងដល់ការបោះឆ្នោត សន្តិសុខ ប្រតិភូ និងការធ្វើដំណើរត្រូវបានរៀបចំរួចជាស្រេច ដោយមានព្រឹត្តិការណ៍នានាក្រៅមហាសន្និបាតនេះ ដែលត្រូវបានគ្រោងធ្វើចាប់ពីថ្ងៃទី ១៦ ដល់ ២៤ ខែកញ្ញា។

មហាសន្និបាតនេះត្រូវបានគេរំពឹងទុកថា នឹងមានការចូលរួមពីគណៈប្រតិភូចំនួន ២៥០រូប មកពីស្ថាប័នសវនកម្មកំពូល (SAIs) ចំនួន ៤៦ នៅអាស៊ី អ្នកតំណាង ASOSAI និងអ្នកសង្កេតការណ៍អន្តរជាតិ។ ភ្ញៀវក្នុងស្រុកប្រហែល ៣៥០រូប មកពីគណបក្ស ទីភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នសង្គមនយោបាយ សាកលវិទ្យាល័យ វិទ្យាស្ថាន និងស្ថានទូតបរទេសនៅវៀតណាមនឹងចូលរួមផងដែរ។

សេចក្ដីថ្លែងការណ៍មួយរបស់ទីក្រុងហាណូយនឹងត្រូវចេញផ្សាយ ដោយពិនិត្យឡើងវិញទៅលើលទ្ធផលការងារដ៏សំខាន់បំផុត និងការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ ASOSAI ចំពោះគោលដៅអភិវឌ្ឍន៍ក្នុងអំឡុងឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១។ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ SAV នឹងក្លាយជាប្រធានដឹកនាំមហាសន្និបាត ASOSAI សម្រាប់ឆ្នាំ ២០១៨-២០២១ ។

បច្ចុប្បន្ន ASOSAI មានស្ថាប័នសវនកម្មកំពូលចំនួន ៤៦ ចាប់តាំងពីបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៩ ជាមួយនឹងសមាជិកចំនួន ១១ប្រទេស។ SAV បានក្លាយជាសមាជិក ASOSAI ក្នុងឆ្នាំ ១៩៩៧៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)