ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តកំពង់ឆ្នាំងបើកយុទ្ធនាការសម្អាតបរិស្ថានក្នុងខេត្ត

AKP កំពង់ឆ្នាំង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ –កាលពីថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សនិងមន្ត្រីស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមធ្វើអនាម័យសម្អាត បរិស្ថាននៅតាមផ្លូវសាធារណៈ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ចូលរួមថែរក្សា ការពារបរិស្ថានក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត និងសេវាកម្មល្អ ។

 

លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា ការធ្វើអនាម័យសម្អាតបរិស្ថាន ទាំងអស់គ្នានៅទូទាំងស្រុក ខេត្តដោយធ្វើការបែងចែកទទួលខុសត្រូវ នូវផ្លូវមួយចំនួនតាមការកំណត់ របស់អាជ្ញាធរ ហើយការងារនេះនឹងចូលរួមធ្វើជាប្រចាំទាំងអស់គ្នា ព្រោះអនាម័យក្នុងស្រុក ខេត្ត វាមានសារៈសំខាន់ណាស់សម្រាប់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត ពិសេសសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេង កម្សាន្ត ទស្សនាតាមដងផ្លូវ អមមាត់ច្រាំងទន្លេ។

 

លោកជំទាវបានបន្តថា ការបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់របស់បងប្អូនប្រជាពល រដ្ឋនៅតាមដងផ្លូវ ក៏ដូចជានៅមុខលំនៅឋាននានា គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ដើម្បីរក្សាសោភណភាពទីក្រុង។ លោកជំទាវ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់សមាសភាពពាក់ព័ន្ធនានា ត្រូវបែងចែកការទទួលខុសត្រូវតាមដងផ្លូវដែលបានបែងចែករបស់មន្ទីរបរិស្ថាន ព្រោះសំរាមកើតចេញដោយសារតែប្រជាពលរដ្ឋជាអ្នកគ្រប់គ្រងកាកសំណល់ រឹង រាវ ។ ដូច្នេះប្រជាពលរដ្ឋត្រូវចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយធ្វើអនាម័យសម្អាត បរិស្ថានតាមមុខផ្ទះ ហើយធ្វើការវេចខ្ចប់ សំរាមទុកដាក់ឱ្យត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុនមកប្រមូលសំរាម ។ស្របពេលជាមួយគ្នានេះអាជ្ញាធរស្រុក ខេត្ត ត្រូវដាក់ចេញនូវវិធានការបន្តបន្ទាប់ ដើម្បីឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមធ្វើអនាម័យក្នុងស្រ ខេត្តទាំងអស់គ្នា។

 

លោកំទាវអភិបាលរងបានមានប្រសាសន៍ថា បញ្ហាសំរាមយើងត្រូវធ្វើការអប់រំផ្សព្វ ផ្សាយប្រជាពលរដ្ឋឱ្យពួកគាត់ចូលរួមទាំងអស់គ្នា ដោយអប់រំពួកគាត់ នៅពេលដែលគាត់យកសំរាមបោះចោល នៅតាមដងផ្លូវសាធារណៈ និងមានវិធានការ ដោយធ្វើការផាកពិន័យ។

ព្រោះខាងមន្ទីរបរិស្ថាន គេមានច្បាប់ផាកវិន័យចំពោះជនណាបោះចោលសំរាមនៅលើដងផ្លូវសាធារណៈ ។ ក៏ប៉ុន្តែវិធានការផាកវិន័យនេះ គឺមិនសូវទទួលបានលទ្ធផលជោគជ័យនោះទេ សំខាន់ការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមសហការ ទើបទទួលបានជោគជ័យ ដើម្បីឱ្យទីក្រុងទេសចរណ៍ របស់យើងមានអនាម័យល្អស័ក្ដសម និងមានខ្យល់អាកាសបរិសុទ្ធ៕

 

ដោយបៃ ស៊ីថុន