ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ជាម ហ៊ីម ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែកញ្ញា ​ឆ្នាំ២០១៨ –ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងមកពីឃុំចំនួន៤ ចំនួន ៥៣២គ្រួសារ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តទួលកែវ ស្ថិតនៅក្នុងឃុំទឹកល្អក ស្រុកព្រៃនប់
  

ឯកឧត្តម ជាម ហ៊ីម មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនមានការរើសអើងប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ឡើយ គឺធ្វើយ៉ាងណាត្រូវចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងដោយយើងមិនបានដឹងនោះទេ ដូច្នេះក្រុមអ្នកស្ម័គ្រចិត្តរបស់សាខាកាកបាទក្រហមនៅតាមមូលដ្ឋានត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយ និងប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ដើម្បីនាំយកអំណោយសង្គ្រោះទៅចែកជូនពួកគាត់បានទាន់ពេលវេលា ។ 
   

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបន្តថា អំណោយទាំងអស់នេះ វាអាចជួយសម្រួលការខ្វះខាតក្នុងជីវភាពបានមួយរយ: ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវខិតខំដាំដុះដំណាំរួមផ្សំ និងចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីផ្គត់ផ្គង់គ្រួសារ ពិសេសត្រូវតែទាំសុខភាពកូន ចៅ ឱ្យមានសុខភាពល្អ ដោយសារតែរដូវវស្សានេះអាចប្រឈមនឹងជំងឺផ្សេងៗជាច្រើន បើសិនបើយើងមិនបានការពារទុកជាមុន វានាំឱ្យខាតបង់ថវិកា និងពេលវេលា ។ 
 

គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយជំនប់ទឹកភ្លៀងចំនួន ៥៣២គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ ក្នុងនោះមាន ឃុំទឹកល្អក់ ២០២គ្រួសារ,  ឃុំទឹកថ្លាចំនួន ១២០គ្រួសារ, ឃុំសាមគ្គីចំនួន ១៩០គ្រួសារ,  និងឃុំអូឧកញ៉ាហេង ២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ តង់១ កន្ទេល១ ឃីត១កញ្ចប់ (មុង១ ក្រមា១ សារុង១​ ភួយ១) និងថវិកា ២ម៉ឺនរៀល ៕

ដោយ ងូ សុមុនី