ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រះសង្ឃ និងប្រជាពលរដ្ឋរាប់ពាន់នាក់ធ្វើពិធីដង្ហែ និងសូត្រធម៌ សមាធិ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់លោកវេជ្ជបណ្ឌិត Beat Richner

AKP សៀមរាប ថ្ងៃទី១៦ ខែកញ្ញា ឆ្នំា២០១៨ — ដើម្បី​ជាការដឹង​គុណ​ដល់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតBeat Richner ដែលកន្លងមកបាន ជួយសង្គ្រោះកុមារកម្ពុជារាប់ម៉ឺននាក់នោះ ប្រជាពលរដ្ឋ យុវជនដែលរស់នៅតាមបណ្តាខេត្ត ជុំវិញខេត្តសៀមរាប​ ជាពិសេសព្រះសង្ឃ និងពុទ្ធបរិស័ទ សិស្សានុសិស្សនៅក្នុងខេត្ត សៀមរាបប្រមាណជាង៥០០អង្គ/នាក់ បានធ្វើពិធីដង្ហែ និងសូត្រធម៌ ស្មឹងស្មាធ សមាធិ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផាដែលបានបាត់បង់ជីវិតទៅហើយ។


បន្ទាប់ពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលបាន ទទួលមរណភាពកាលពីវេលាម៉ោង២ និង៤៥នាទី កាលពីថ្ងៃអាទិត្យ ទី០៩ខែកញ្ញាឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធនោះ ប៉ុន្មានថ្ងៃនេះ ឃើញថា ប្រជាពលរដ្ឋ យុវជនដែលរស់នៅតាមបណ្តាខេត្តជុំវិញខេត្តសៀមរាបរាប់ពាន់នាក់ បានមកគោរពវិញ្ញាណក្ខន្ធរបស់លោក ដោយមានការបូជានូវគ្រឿងសក្ការ មានទៀនធូប ផ្កាភ្ញី ​នៅសាលមហោស្រពមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ខេត្តសៀមរាប។


ព្រះតេជគុណព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ​ សមាជិកសភាសង្ឃ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា​ព្រះអង្គបានមានសង្ឃដីកាថា ការបាត់បង់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស មានការសោកស្តាយបំផុត ព្រោះលោកគឺជាមនុស្សម្នាក់ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីកុមារកម្ពុជា។ ព្រះតេជ គុណមានសង្ឃដីការបញ្ជាក់ថា លោកសាស្ត្រាចារ្យ Beat Richner បានបង្កើតនៅស្នាដៃ មនុស្សធម៌យ៉ាងធំធេងក្នុងប្រវត្តិសាស្រ្តនៃការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។ ទន្ទឹមនេះ លោកវេជ្ជបណ្ឌិតបានធ្វើការចំណាយចំណេះដឹង និងជំនាញវេជ្ជសាស្រ្តដោយមិន ខ្លាចនឿយហត់ឡើយ បើទោះបីជាមន្ទីរពេទ្យគន្ធបុប្ផា ជួបវិបត្តិហិរញ្ញវត្ថុក្នុងទំហំណាក៏ដោយ ក៏លោកវិជ្ជបណ្ឌិតមិនរាថយនោះទេ និងបានលះបង់កម្លាំងកាយចិត្ត ចំណាយពេវេលា យ៉ាងច្រើន ដើម្បីអំពាវនាវស្វែងរកមូលនិធិសប្បុរសធម៌ ទាំងក្នុងនិងក្រៅប្រទេស សម្រាប់ សុខភាពកុមារកម្ពុជា៕

ដោយ ឃុត សៅ