ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជីវករលក់ដូរនៅផ្សារច្រកអានសេះព្រំដែនកម្ពុជាថៃ កំពុងកាក់កបនឹងការលក់កណ្តូបឲ្យប្រជាជនថៃ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

នៅក្នុងរដូវវស្សានេះអាជីវករលក់ដូរ នៅលើផ្សារច្រកទ្វារអានសេះ ព្រំដែនកម្ពុជា ថៃ នៃខេត្តព្រះវិហារ កំពុង កាប់កបនឹងការលក់ សត្វកណ្តូបឲ្យប្រជាជន និងឈ្មួញថៃ រាប់រយគីឡូ ក្រាមក្នុងថ្ងៃ ព្រោះសត្វកណ្តូបនេះ ជាអាហារដ៏ពេញនិយម របស់ជនជាតិថៃ ។

ប្រាប់ទូរទស្សន៍រស្មីហង្សមាស អ្នកស្រី លី ដានីន ជាអាជីវករលក់ដូរនៅក្នុងផ្សារអានសេះ ព្រំដែន កម្ពុជា បានលើកឡើងថា ការប្រកបរបរលក់ដូរទំនិញឲ្យភាគីថៃ គឺលក់ទៅតាមរដូវ ដូចជា រដូវផ្សិតរងា ផ្សិតឈើ ចុងផ្តៅ ឬកសិផលផ្សេងៗ ។ដោយឡែកនៅក្នុងរដូវវស្សានេះ មានតែ សត្វកណ្តូប កង្កែប ដំឡូងទៀន និងចុងផ្តៅតែប៉ុណ្ណោះ សម្រាប់លក់ទៅឲ្យជនជាតិថៃ ដែលចូលមកលេងកម្សាន្ត នៅច្រកទ្វារ អានសេះនៅរៀង ថ្ងៃអង្គារ និងថ្ងៃព្រហស្បត្តិរៀងរាល់សប្តាហ៍ ។

អ្នកស្រី ថន ស្រីមុំ បានលើកឡើងថា ក្នុងមួយថ្ងៃ អាជីវករម្នាក់ៗ អាចលក់សត្វកណ្តូប នេះទៅឲ្យប្រជាជនថៃ ក្នុងម្នាក់ចន្លោះពី២០ ទៅ២៥គីឡូក្រាម ក្នុងតម្លៃ៣០០បាត ក្នុង១គីឡូក្រាម អាចឲ្យពួកគេចំណេញប្រាក់ ចន្លោះពី៦ម៉ឺនរៀល ទៅ៨ម៉ឺន រៀល ក្នុងមួយថ្ងៃ ។ អ្នកស្រីបន្ថែមថា ក្រោយពេលផុតរដូវសត្វកណ្តូប ពួកគាត់ បន្លែ ផ្សេងៗទៀតទៅតាមរដូវ របស់បន្លែព្រៃ ដូចជា ចុងផ្តៅ ស្លឹកព្រិច ផ្សិត និងកសិផលកសិកម្មផ្សេងៗ ជាដើម ។

លោក ម៉ក់ បារាំង ជាអ្នកលក់កណ្តូបដែរ បានលើកឡើងថា ថ្ងៃខ្លះ អាច នាំចេញសត្វកណ្តូបទៅថៃពី ២ ទៅ៣តោនក៏មាន ប៉ុន្តែក្នុងឆ្នាំនេះ ពុំសូវមានសត្វកណ្តូបដូចឆ្នាំមុននោះទេ ។ លោកថា នៅពេលរដូវលំហើយមកដល់ សត្វកណ្តូបក៏ចាប់ផ្តើមអស់ដែរ ហើយសត្វកណ្តូបដែលពួកគាត់យកមកលក់នេះ ភាគច្រើនឈ្មួញដឹកយកពីខេត្តកំពង់ធំ មកដល់លើភ្នំដងរែកតែម្តង ។សត្វកណ្តូបនេះភាគច្រើន មាននៅតាមចម្ការ ពិសេសចម្ការពោត ។

ជនជាតិថៃម្នាក់ ដែលបានចូលមកទិញសត្វកណ្តូបបានប្រាប់ថា ជនជាតិថៃ ពេញនិយមខ្លាំង ណាស់ចំពោះសត្វកណ្តូប សម្រាប់យកទៅធ្វើជាអាហារ ព្រោះវាមានរសជាតិឆ្ងាញ់ ដូចជាយកទៅបំពង ហូបជាមួយបុកល្ហុងជាដើម ។ ជនជាតិថៃដដែល លើកឡើងទៀតថា នៅប្រទេសថៃពុំមានសត្វកណ្តូបដូចកម្ពុជាទេ ព្រោះ កសិករថៃប្រើប្រាស់ថ្នាំ សម្លាប់សត្វល្អិតច្រើន ៕