ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងការងារលើកទឹកចិត្តឲ្យសិស្សប្រឡងធ្លាក់បាក់ឌុបឆ្នាំនេះ ចូលរៀនជំនាញបំណិនជីវិត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកទឹកចិត្តឲ្យសិស្សប្រឡងធ្លាក់បាក់ឌុបនៅឆ្នាំនេះចូលរៀនជំនាញបំណិនជីវិតនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានា ដើម្បីមានជំនាញច្បាស់លាស់ងាយស្រួលរកប្រាក់ចំណូលចិញ្ចឹមជីវិត។

ឯ.ឧ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានណែនាំដល់សិស្សានុសិស្សទាំងអស់ ពិ សេសសិស្សដែលធ្លាក់ប្រឡងបាក់ឌុបនៅឆ្នាំនេះត្រូវទៅចុះឈ្មោះចូលរួមប្រឡងយកអាហារូបករណ៍នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅទូទាំងប្រទេសដើម្បីសិក្សាលើមុខជំនាញនានាស្របទៅតាមទីផ្សារការងារបច្ចុប្បន្ននិងទៅថ្ងៃអនាគត។

ឯ.ឧ អ៊ិត សំហេងបានមានប្រសាសន៍ក្នុងសេចក្តីជួនដំណឹងថាមុខជំនាញដែលសិស្សានុសិស្សទទួលបានអាហារូបករណ៍ដោយឥតគិតថ្លៃនោះរួមមានជំនាញជួសជុលរថយន្ត អគ្គិសនី សំណង់ស៊ីវិល អេឡេច ត្រូនិច ជួសជុសម៉ាស៊ីនត្រជាក់ វិស្វកម្មរថយន្ត ជាងកំបោរនិងមុខជំនាញទូទៅផ្សេងៗទៀត។

ឯ.ឧ បានបន្តថាសម្រាប់ឆ្នាំសិក្សា២០១៨និង២០១៩នេះក្រសួងការងារបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អនុបណ្ឌិតបរិញ្ញាបត្របច្ចេកវិទ្យាឯកទេសសញ្ញាបត្រវិស្វករសញ្ញាបត្រជាន់ខ្ពស់បរិញ្ញាបត្ររងបច្ចេកទេសឯកទេសសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈចំនួនជិត១៤០០០កន្លែងដែលសិក្សានៅតាមគ្រឹះស្ថាន បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈចំនួន៦៤នៅទូទាំងប្រទេស។

ឯ.ឧ រដ្ឋមន្ត្រីបានអំពាវនាវដល់សិស្សានុសិស្សយុវជនមាតាបិតាអាណាព្យាបាលនិងសាធារណជនរួសរាន់ទំនាក់ទំនងចុះឈ្មោះសិក្សាដោយផ្ទាល់តាមគ្រឹះស្ថាននីមួយៗទៅតាមលក្ខខណ្ឌជ្រើសរើសដោយសញ្ញាបត្រ បច្ចេកទេសនិងវិជ្ជាជីវៈតម្រូវឲ្យបេក្ខជនរៀនចប់ថ្នាក់ទី៩។សញ្ញាបត្រជាន់ខ្ពស់រួមមានបរិញ្ញាបត្ររងបច្ចេកទេសឯកទេសបេក្ខជនត្រូវប្រឡងជាប់ឬធ្លាក់បាក់ឌុបឬមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ។

រីឯសញ្ញាបត្របច្ចេកវិទ្យាឯកទេសឬសញ្ញាបត្រវិស្វករនិងបរិញ្ញាបត្របេក្ខជនត្រូវមានសញ្ញាបត្របាក់ឌុបនិង មានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈនិងបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យាឯកទេសអនុបណ្ឌិតបេក្ខជនត្រូវមានសញ្ញាបត្របច្ចេកវិទ្យាឯកទេសឬសញ្ញាបត្រវិស្វករនិងបរិញ្ញាបត្រ៕