ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាពលរដ្ឋខេត្តកំពង់ចាមជាង១០០ នាក់រងគ្រោះដោយសារពស់ចឹក និងសត្វល្អិតខាំ នៅក្នុងរដូវទឹកឡើងនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានអះអាងថា គិតមកដល់ម៉ោង៦ព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម បានរងគ្រោះដោយ ករណីពស់ចឹក ចំនួន៨៤នាក់(ស្រី២៩) និងករណីសត្វល្អិតទិចឬខាំមានចំនួន២១នាក់(ស្រី៥នាក់) សរុបរួមទាំងអស់មានចំនួន១០៥នាក់(ស្រី៣៤នាក់)នៅក្នុងរដូវទឹកឡើងនេះ តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។

យោងតាមរបាយការណ៏របស់អាជ្ញាធរខេត្តកំពង់ចាម បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី១៥ខែកញ្ញា មានករណីពស់ចឹក២នាក់ ទី១. ឈ្មោះ សែន សេង ភេទស្រីអាយុ៤៥ឆ្នាំ រស់នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ចូលសំរាកផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខេត្តកំពង់ចាម វេលាម៉ោង១៨ៈ៥៥នាទី ដោយសារពស់ចឹកចំម្រាមដៃកណ្តាលខាងស្តាំ ចឹកពេលគាត់កំពុងរើគំនរអូស (ចឹក៧ម៉ោងមុនចូលសំរាកពេទ្យ) ហើមឈឺចុកចាប់ ប៉ុន្តែក្រោយពីបានទទួលការព្យាបាលអ្នកជម្ងឺបានធូរស្រាលវិញហើយ ។

ទី២. ឈ្មោះ សាន ស្រីធាន ភេទស្រីអាយុ ១៥ឆ្នាំ រស់នៅភូមិក្តារផ្សារឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូឃ្មុំចូលសំរាកនៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខេត្តកំពង់ចាម វេលាម៉ោង ១៧ៈ០០ដោយសារពស់ចឹកចំខ្នងដៃខាងស្តាំ ពេលកំពង់រើសផ្លែត្របែក(ចឹក៥ម៉ោងកន្លះមុនចូលសំរាកពេទ្យ) ហើមឈឺចុកចាប់ ក្រោយពីបានទទួលការព្យាបាលអ្នកជម្ងឺបានធូរស្រាលវិញហើយ ។

របាយការណ៏ បានបញ្ជាក់ថា គិតមកដល់ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៦ព្រឹក ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម បានរងគ្រោះដោយ ករណីពស់ចឹកចំនួន៨៤នាក់(ស្រី២៩) និងករណីសត្វល្អិតផ្សេងៗទិចឬខាំមានចំនួន២១នាក់(ស្រី ៥នាក់)គឺសរុបរួមទាំងអស់មានចំនួន១០៥នាក់ (ស្រី៣៤នាក់) តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។

គួររំលឹកថា រាល់កម្មវិធីក្នុងពេលចែកអំណោយ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម តែងតែអំពាវនាវ និងធ្វើការដាស់តឿនដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិស ទិចឬខាំ និងគ្រោះថ្នាក់ដោយសារលង់ទឹកជាដើម ។

សូមបញ្ជាក់ថា សម្រាប់ព្រឹកថ្ងៃទី១៦ខែកញ្ញានេះ កំពស់ទឹកនៅក្នុងខេត្តកំពង់ចាម១៤.៧០ម៉ែត្រ ហក់ឡើង ០.០៦ បើប្រៀបធៀបទៅនឹងថ្ងៃម្សិលម៉ិញ ខណ កំពស់ទឺកដែលត្រូវប្រកាសអាសន្នមានកំពស់១៥.២០ម៉ែត្រ ។