ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម ឃូង ស្រេង៖ អាជ្ញាធររាជធានីភ្នំពេញ មិនព្រងើយកន្ដើយ ចំពោះការលិចលង់ ដោយជំនន់ទឹកភ្លៀង ឬបញ្ហាប្រឈមរបស់ពលរដ្ឋម្តងណាទេ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងរាជធានីភ្នំពេញទាំងមូល មិនដែលព្រងើយកន្ដើយ ចំពោះបញ្ហាកើតមានណាមួយរបស់ ប្រជាពលរដ្ឋនោះទេ តួយ៉ាងបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនេះជាដើម អាជ្ញាធរបានដោះ ស្រាយ ចាប់តាំងពីមុនពេលកើតមានបញ្ហាលិចលង់មកម្ល៉េះ ប៉ុន្តែការធ្វើមិនទាន់បានរួចរាល់ ជាស្ថាពរ។

ការលើកឡើងនេះក្នុងដំណើរ ចុះពិនិត្យស្ថានភាព នៃការលិចលង់ ដោយទឹក ភ្លៀង និងពិនិត្យការដ្ឋានការដាក់លូ បន្ទាប់ពីពិធីចែកអំណោយ ជូនប្រជាពលរដ្ឋ នៅក្នុងសហ គមន៍អណ្តូង ក្នុងបរិវេណវត្ត ឈូកវ៉ា ដែលស្ថិតនៅក្នុងសង្កាត់ គោករការ ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃ សៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៨។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ បាន ដាក់លូយុទ្ធសាស្រ្តជាច្រើនខ្សែក្នុងតំបន់នេះ ប៉ុន្តែការដាក់លូនេះ ដោយសារមិនទាន់រួចរាល់ ជាស្ថាពរនៅឡើយ។

ឯកឧត្តមបានបន្ដថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋបាលរាជធានី ភ្នំពេញ កំពុងចាត់វិធានការបន្ទាន់ ដើម្បីរំដោះទឹកចេញពីតំបន់នេះ ឱ្យបានឆាប់ តាមរយៈការ កាយប្រឡាយពង្រាងទឹក ទម្លាក់ទៅបឹងកប់ស្រូវ និងប្រឡាយទួលសំពៅជាបណ្តោះអាសន្ន សិន ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់ ខណៈការស្ថាបនាលូយុទ្ធសាស្រ្ត រួចរាល់ នាពេលដ៏ខ្លីខាងមុខនេះ។

ឯកឧត្តម អភិបាលបានបន្ដទៀតថា រាល់ការដោះស្រាយ ចាំបាច់ក៏ត្រូវការពេលវេលា ដែរ ដូច្នេះសុំប្រជាពលរដ្ឋមានការយោគយល់ ចំពោះអាជ្ញាធរ ដែលកំពុងតែដុតដៃដុតជើង ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ក្នុងរាជធានីភ្នំពេញ ដែលបាននិងកំពុងកើតមាន ជាពិសេស ការលិចលង់ដោយជំនន់ទឹកភ្លៀង នៅប៉ែកខាងលិចរាជធានីតែម្តង។ ទន្ទឹមនេះ ក្នុងរយៈពេល១ឆ្នាំមកនេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងខិតខំការស្តារ និងស្ថាបនាប្រឡាយ លូ រួមទាំងផ្លូវជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួល រំដោះទឹកភ្លៀង ពេលរដូវ វស្សា ជូនដល់ប្រជាពលរដ្ឋដែលងាយរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងក្នុង រដូវវស្សា ម្ដងៗ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៧២១គ្រួសារដែលរស់នៅក្នុងសហគមន៍អណ្តូង បាន រងការលិចលង់ ហេដ្ឋារច្ចនាសម្ព័ន្ធ លំនៅឋាន ដោយទឹកភ្លៀង ហើយបានទទួលអំណោយ ជាគ្រឿងឧបភោគ បរិភោគមួយចំនួន ពីអភិបាលរាជធានីភ្នំពេញ ៕

ដោយ សួស សំរិត