ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងបរិស្ថាន រៀបចំប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោក ១៥ កញ្ញា ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងបរិស្ថានបានប្រារព្ធទិវាសម្អាតពិភពលោកQ(Word Cleanup Day) ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយអ្នកស្ម័គ្រចិត្តជាច្រើននាក់ ប្រជាពលរដ្ឋ ព្រះសង្ឃ និស្សិតមកពីតាមគ្រឹះ ស្ថានសិក្សានានា មកពីស្ថាប័នរដ្ឋ និងឯកជន និងមកពីអង្គការដៃគូពាក់ព័ន្ធយ៉ាងច្រើន នៅ ក្នុង​រាជធានីភ្នំពេញ បានមកចូលរួមសម្អាតបរិស្ថានតាមទីលានសាធារណៈ។កម្មវិធីនេះ បាន ធ្វើឡើងក្រោមការរៀបចំរបស់ក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំយុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និង អង្គការជាដៃគូ នៅមុខទីស្តីការក្រសួងបរិស្ថាន ផ្តោតសំខាន់លើការកាត់បន្ថយការបំពុល បរិស្ថាន និងការប្រើប្រាស់សំណល់ផ្លាស្ទិក។

លោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញ និងបំផុស ឱ្យមានការចូលរួមពីសា​ធារណជន និងភាគីពាក់ព័ន្ធ ដែលជាចលនាសកលដោយផ្សាភ្ជាប់ មនុស្ស និងបរិស្ថាន ក្នុងគោលដៅធ្វើឱ្យពិភពលោកស្អាតគ្មានសំរាម ក៏ដូចជាការឆ្លើយតបនឹង បញ្ហាប្រឈមមួយចំនួន របស់ប្រជាជនគ្រប់វិស័យ ដែលតម្រូវឱ្យមានការលើកទឹកចិត្តចូលរួម សកម្មភាពសំអាតបរិស្ថានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីឱ្យក្លាយជាចលនាសង្គម មួយពោរពេញទៅដោយភាពស្អាតទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ផងដែរ។ លោកជំទាវបានបន្តថា នេះគឺជាចលនាមួយសម្រាប់យើង ក្នុងទិវាសម្អាតពិភព លោក ដែលជាកម្មវិធីមួយទោះបីមានរយៈពេលមួយខ្លី តែយើងបានធ្វើការផ្សព្វផ្សាយយល់ ដឹងទៅដល់អង្គភាព ដល់ភាគីពាក់ព័ន្ធ ជាពិសេសតាមរយៈក្រសួងអប់រំយុវជន និងកីឡា តាមរយៈបណ្តាញសារព័ត៌មានសម្រាប់ធ្វើការផ្សព្វ​ផ្សាយបន្ត ធ្វើយ៉ាងណាឱ្យទីក្រុងភ្នំពេញ យើងស្អាតមានភាពបៃតងស្រស់បំព្រង ហើយដើម្បីបានភាពបៃតង និងស្រស់បំព្រងនោះ ទាល់តែយើងទាំងអស់គ្នាចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា។ លោកជំទាវសង្ឃឹមថា អ្នកចូល រួមដោយស្ម័គ្រចិត្តថ្ងៃនេះនឹងក្លាយជាអ្នកដឹកនាំមួយរូបសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងដឹកនាំគ្រប់ទីកន្លែងរបស់យើងឱ្យមានអនាម័យស្អាតជានិច្ច ដើម្បីចូលរួមលើកកម្ពស់ ទីក្រុងរបស់យើងឱ្យមានភាពបៃតង ជាទីក្រុងស្អាតរស់នៅប្រកបដោយខ្យល់អាកាស​ល្អបរិសុទ្ធ និងមានផាសុខភាព។


ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាថ្លែងបញ្ជាក់ ដែរថា ក្នុងរយៈពេលប្រាំឆ្នាំមកនេះ ក្រសួងអប់រំ យុវជន និងកីឡា តែងតែយកចិត្តទុកដាក់ ខ្ពស់អំពីការថែរក្សាបរិស្ថានស្អាត ព្រមទាំងបានធ្វើសេចក្តីជូនដំណឹងគ្រប់គ្រឹះស្ថានសិក្សា ទាំងគ្រឹស្ថានសាធារណៈ ទាំងឯកជន នៅទូទាំងប្រទេសឱ្យចូលរួមក្នុងការប្រារព្ធទិវាបរិស្ថាន ពិភពលោក តាមរយៈកិច្ចសហប្រតិបត្តិការស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ ពាក់ព័ន្ធ។ ឯកឧត្តមបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តួចផ្តើមគំនិតមួយ គឺសាលារៀនស្អាត ដោយដាក់ឱ្យមានការប្រឡងប្រជែង រវាងសាលារៀននៅរាជធានីភ្នំពេញ និងបានជ្រើសរើសសាលារៀនចំនួន៣ ដើម្បីជាចំណាត់ ថ្នាក់ជាសាលារៀនស្អាតប្រចាំនៅរាជធានីពីចំណាត់ថ្នាក់លេខ១ លេខ២ ដល់លេខ៣ ។ ដោយឡែកសម្រាប់ឆ្នាំក្រោយខាងមុខនេះ ក្រសួងអប់រំយុវជន និងកីឡា ក៏នឹងរៀបចំឱ្យមាន​ការប្រឡងប្រណាំងសាលារៀនស្អាតនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍការផ្តួចផ្តើមគំនិតទីក្រុងស្អាត ដែលបានដាក់ចេញដោយសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក នូ សុវណ្ណ តំណាងអង្គការ Let`s Do It បានសម្តែងការរីករាយ ណាស់ ដោយ ថ្ងៃនេះ បានចូលរួមជាមួយប្រជាពលរដ្ឋ ព្រះសង្ឃ និស្សិត មន្ត្រីរាជការមកពីតាមស្ថាប័ន និង អង្គការពាក់ព័ន្ធនានា ដ៏ច្រើន ដែលជាអ្នកចូលរួមដោយស្ម័គ្រចិត្ត ដើម្បីរក្សាអនាម័យ កុំឱ្យ ចោលសំរាមពាសវាលពាសកាលនាំឱ្យបាត់បង់អនាម័យបរិស្ថានទីក្រុង៕

ដោយ ប៉ាល់ សុង