ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរទាំង១២ខណ្ឌ និងមន្ដ្រីពាក់ព័ន្ធ ត្រូវធ្វើការផាក ពិន័យចំពោះបុគ្គលដែលចោលសំរាមតាមទីសាធារណៈ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ជំរុញឱ្យអាជ្ញាធរខណ្ឌ​ទាំង១២ និង មន្ត្រីរាជការតាមមន្ទីរពាក់ព័ន្ធ​ទាំងអស់​ ធ្វើការផាកពិន័យទៅលើកបុគ្គលណាដែលចោល សំរាមនៅតាមទីសាធារណៈ​ រំលោភលើច្បាប់អន្តរក្រសួង ស្ថាប័នដែល​បានចែងកន្លងមក​។ ការលើកឡើងនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាសំរាម​ ជាមួយអភិបាលខណ្ឌ​ និងមន្ទីរ ពាក់ព័ន្ធ​នានា​ កាលពីថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃ១៤​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ​ នៅសាលារាជធានីភ្នំពេញ​ ។


ឯកឧត្ដម ឃួង​ ស្រេង​ បានបញ្ជាក់ថា សម្រាប់អ្នកចាក់សំរាមចោលគ្មានប្រក្រតី​ នៅតាមផ្លូវសាធារណៈ​ ការចាក់សំរាមចោលចូលទៅលើលូ​ និងចាក់សំរាមចោលនៅលើផ្លូវ សាធារណៈ​ ត្រូវអនុវត្តន៍ផាកពិន័យទៅតាមច្បាប់អន្តរក្រសួងដែលបានចែង។ ឯកឧត្តមអភិ បាលបានបន្ដថា ​ទីលានចាក់សំរាម​ នៅរាជធានីភ្នំពេញ​ នឹងត្រូវធ្វើការរៀបចំពង្រីកបន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​ នៃការកើនឡើង​សំរាម​ជារៀងរាល់ថ្ង ហើយប្រសិន​បើមិន ពង្រឹកនោះទេ​នៅប៉ុន្មានឆ្នាំខាងមុនទៀត​ រាជធានីភ្នំពេញ​ នឹងខ្វះខាតកន្លែងចាក់សំរាមជាក់ ជាមិនខាន ។

សូ​មបញ្ជាក់ថា​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥កន្លងទៅនេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ថ្មី​មួយ​ ស្ដីពី​ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​នៅ​ទី​ប្រជុំ​ជន ​ដែល​កំណត់​ឱ្យ មាន​ការ​ផាក​ពិន័យ​ជា​ប្រាក់​ចាប់​ពី​១​ម៉ឺន​រៀល​ ទៅ​២០​ម៉ឺន​រៀល និង​ប្ដឹង​ដល់តុលាការចំពោះ​ជន​ណា​ដែល​ចោល​សំរាម​មិន​បាន​ត្រឹមត្រូវ៕

ដោយ សួស សំរិត