ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវ ម៉ែន នារីសោភ័គ នាំយកមុងសុវត្តិភាពចំនួន ៦០០ និងខោ-អាវ ២០កាតុង ប្រគល់ជូនសាខាកាកបាទក្រហមខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ — លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំយកមុង សុវត្ថិភាពចំនួន៦០០ និងខោ-អាវចំនួន២០កាតុង ប្រគល់ជូនដល់សាខាកាកបាទក្រហម កម្ពុជាខេត្តព្រះសីហនុ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានការ​អញ្ជើញចូលរួមទទួលដោយលោក សំ សំអាត អនុប្រធានគណៈកម្មាធិការសាខា កាកបាទ​ក្រហមកម្ពុជាខេត្ដព្រះសីហនុ។ពិធីនេះបានប្រព្រឹត្ដទៅកាលពីព្រឹកថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាបាន មានប្រសាសន៍ថា សម្ភារមុងសុវត្ថិភាព និងខោ-អាវទាំងនេះ គឺជាអំណោយមនុស្សធម៌របស់​កាកបាទក្រហមចិន ខេត្តក្វាងស៊ី ផ្តល់មកដល់កាកបាទក្រហមកម្ពុជា ហើយកាកបាទក្រហម​កម្ពុជា បានយកមកបែងចែកប្រគល់ជូនគ្រប់សាខាកាកបាទក្រហមរាជធានី-ខេត្ត សម្រាប់ យក​ទៅចែកជូនប្រជាពលរដ្ឋតាមតម្រូវការរបស់សាខា ដែលមានបញ្ហាប្រឈមនានានឹង ជំងឺផ្សេងៗ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមតំបន់ជនបទនានា ។

លោក សំ សំអាត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្ត ព្រះសីហនុ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចែករំលែកនូវ សម្ភារទាំងអស់​នេះដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏ដូចជាសាខាកាកបាទក្រហមរាជធានី-ខេត្ត ដើម្បីរួមចំណែកឱ្យសាខាមានលទ្ធភាពបន្តអនុវត្តន៍សកម្មភាពមនុស្សធម៌ ជួយដល់ ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ។ លោកបានបញ្ជាក់ថា សាខាកាកបាទ ក្រហម​កម្ពុជាខេត្តព្រះសីហនុ នឹងនាំយកសម្ភារទាំងអស់នេះ យកទៅចែកជូនដល់ដៃប្រជា ពលរដ្ឋនៅតាមតំបន់ដែលប្រឈមនឹងជំងឺគ្រុនចាញ់ គ្រុនឈាម និងប្រជាពលរដ្ឋក្រីក្រងាយ រងគ្រោះផ្សេងទៀតក្នុងពេលឆាប់ៗខាងមុខនេះ ស្របតាមប្រធានបទកាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ដោយប្រកាន់ភ្ជាប់នូវ សកម្មភាពមនុស្សធម៌ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ៕

ដោយ ងូ សុមុនី