ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្ដព្រះសីហនុ ដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋដាំកូនឈើនៅតំបន់ព្រែក ទឹកសាបក្បាលឆាយ លើផ្ទៃដី៥ហិកតា

AKP ព្រះសីហនុ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកន្លែងដាំដុះព្រៃឈើនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែក ទឹកសាបក្បាលឆាយ លើផ្ទៃដី ៥ហិកតា នៅចំណុចអូរអារេវ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម យន្ដ មីន អភិបាលខេត្ដព្រះសីហនុ មន្រ្ដីរាជការ និងបងប្អូនប្រជាពលរដ្ឋ។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃសុក្រ ៥កើត ខែ ភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៨ ។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការដាំដុះព្រៃឈើ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយនេះ ដែលប្រភពទឹកសាបដ៏សំខាន់ មិនអាចខ្វះបាន ដែលយើងទាំងអស់គ្នាត្រូវតែការពារឱ្យបានធ្វើយ៉ាងណាត្រូវចូលរួមថែរក្សា ការពាព្រៃឈើ ដើម្បីរក្សាប្រភពទឹកសាបទុកប្រើប្រាស់នៅទូទាំងក្រុងព្រះសីហនុ និងស្រុកចំនួនពីរផ្សេងទៀត ព្រោះទីតាំងតំបន់ក្បាលឆាយ ជាតំបន់ហាមឃាត់ស្របតាមអនុក្រឹត្យលេខ១១៦ របស់រាជ រដ្ឋាភិបាល ឱ្យរដ្ឋបាលខេត្តរក្សា ការពារតំបន់ក្បាលឆាយកម្រាប់ប្រភពទឹកស្អាតប្រើប្រាស់ ។
ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការស្តារព្រៃឈើ ដោយដាំ ដុះកូនឈើឡើងវិញ និងសហការជាមួយមន្ត្រីជំនាញកសិកម្ម កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋដើម្បីធ្វើការដាំដុះកូនឈើឡើងវិញ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការចូលរួមថែរក្សា ការពារ អភិរក្សព្រៃឈើនៅតំបន់ក្បាលឆាយ និងចូលរូមដាំដុះកូនឈើហូបផ្លែនៅតាម លំនៅ ឋានឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីការពារបរិស្ថាន កាត់បន្ថយការកើនឡើង នូវកំដៅភពផែនដី គ្រោះរាំងស្ងួត ទឹកជំនន់ ការបាត់បង់ព្រៃឈើ និងជីវ:ចម្រុះ កង្វះទឹកស្អាត និងថាមពល និងសន្តិសុខស្បៀង។ ទន្ទឹមនេះ ដើម្បីដោះស្រាយបញ្ហានេះ យើងទាំងអស់គ្នា ចាប់ផ្ដើមយកចិត្តទុកដាក់ថែរក្សាការពារព្រៃឈើលើកកម្ពស់បរិស្ថាន ការគ្រប់គ្រងធម្មជាតិ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ រួមចំណែកកាត់ បន្ថយហានិភ័យកើតឡើងដោយយថាហេតុ ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា កូនឈើដែលយកមកដាំនាពេលនេះមានចំនួន៥.៥០០ដើម ជាប្រភេទកូន ឈើគរគី និងក្រញូង ដាំដុះឡើងវិញលើផ្ទៃដីចំនួន៥ហិចតា ហើយកន្លងមកមន្ទីរកសិកម្មខេត្ដ បានសហកាជាមួយរដ្ឋបាលក្រុង ស្រុក ខេត្តព្រះសីហនុ និងសប្បុរសជន បានធ្វើការដាំដុះ កូនឈើឡើងវិញជាបន្តបន្ទាប់។ លោកបានបន្ថែមថា មន្ទីរកសិកម្មខេត្ដ គ្រោងធ្វើការដាំដុះ កូនឈើជាច្រើនកន្លែងទៀត ក្នុងតំបន់ក្បាលឆាយនេះ ដើម្បីបង្កើនគម្របព្រៃឈើ បរិស្ថាន ការពារប្រភពទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងស្រុកព្រៃនប់៕

ដោយ ងូ សុមុនី