ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី ស្នើឱ្យមន្ទីរសុរិយោដីរាជធានី ខេត្ត និងការិយាល័យភូមិបាល ទាំងអស់ ត្រូវគូសប្លង់ឱ្យមានមូលដ្ឋានក្នុងការប្រកាសតំបន់វិនិច្ឆ័យ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យអគ្គនាយកដ្ឋានសុរិយោដី មន្ទីរសុរិយោដី នៅតាមរាជធានី ខេត្ត និងការិយាល័យភូមិបាលទាំងអស់ ពេលចាប់ផ្ដើម អនុវត្ដន៍ការងារដំបូងគឺត្រូវគូសប្លង់សម្រាប់ឱ្យមានមូលដ្ឋានក្នុងការប្រកាសតំបន់វិនិច្ឆ័យ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។


ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបច្ចេកទេសវាស់វែងដីដោយប្រើប្រាស់ឧបករណ៍ទំនើប កាលពី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងរៀបចំដែនដី ឯកឧត្តម ជា សុផារ៉ា ឧបនាយ ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា ក្នុង មួយខណ្ឌ ឬមួយស្រុក ដាច់ខាតត្រូវតែគូសក្បាលដី ហើយបញ្ចូលប្រព័ន្ធទិន្នន័យ ដោយគូស ទៅជាតំបន់សម្រាប់មានមូលដ្ឋានប្រកាសតំបន់វិនិច្ឆ័យ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបាន បន្ដថា ដោយសារទីតាំងនោះ ត្រូវដកហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សាធារណៈចេញ នៅ ពេលបានជាគំនូសប្លង់ព្រាងនេះហើយ ត្រូវរាយការណ៍ជូនប្រធានមន្ទីរ រួចប្រធានមន្ទីរត្រូវធ្វើ ការសម្របសម្រួលជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើ ការផ្ទៀងផ្ទាត់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានក្នុងមូលដ្ឋាន ឃុំសង្កាត់ ដែលជាគោលដៅ នៃការប្រកាស់តំបន់វិនិច្ឆ័យ។ ឯកឧត្តមបានបន្ដទៀតថា “សម្រាប់ការិយាល័យភូមិបាលទាំង អស់ បានគ្រប់គ្រង មូលដ្ឋានដែលខ្លួនបានបម្រើប្រជាពលរដ្ឋ មិនតិចជាង១០ឆ្នាំនោះទេដែល ការិយាល័យត្រូវធ្វើការសម្របសមម្រួលបន្ថែមទៀត បើសិនមានចំណុចនៅសេសសល់ត្រូវ បំពេញបន្ថែម”។ ឯកឧត្តមបានណែនាំថា នៅពេលបានទម្រង់ជាបឋមបែបនេះហើយ ត្រូវឆ្លង លិខិតម្ដងទៀត ហើយរាល់ការឆ្លងលិខិតម្ដងៗ មិនឱ្យលើសពី១សប្ដាហ៍ ដោយត្រូវមាន ការ ចុះហត្ថលេខាពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ហើយត្រូវបញ្ជូនទៅអភិបាលរាជធានី ខេត្ត ដោយមានចុះហត្ថលេខា​ បោះត្រា រួចចាត់ទុកនេះជាប្លង់ ដែលអាចមានមូលដ្ឋានប្រកាសតំបន់វិនិច្ឆ័យបាន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួងរៀបចំ ដែនដីគឺបានកំណត់ក្នុងគោលដៅរួចហើយ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ឬយ៉ាងយូរដល់ ឆ្នាំ២០២១ ត្រូវចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសឱ្យបានចប់លើ៧លានក្បាលដី ដោយបច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចគោលដៅនេះ៦៨ភាគរយហើយ។

ឯកឧត្តមឧនាយករដ្ឋមន្រ្តីបានអបអរសាទរចំពោះសិក្ខាកាម ដែលបានទទួលការ បណ្ដុះបណ្ដាលក្នុងវគ្គនេះ ដែលជាវគ្គបណ្ដុះបណ្ដាលមានលក្ខណៈបច្ចេកទេសក្នុងការវាស់ វែងដីធ្លីឱ្យមានលក្ខណៈសុក្រឹត្យដោយប្រើប្រាស់ឧបករណ៍ទំនើប ដើម្បីឆ្លើយតបតាមសំណូម ពររបស់ប្រជាពលរដ្ឋ។ លើសពីនេះទៀត ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺក្នុងគោលដៅ ដើម្បីផ្ដល់ចំណេះដឹងបន្ថែមដល់មន្រ្តីលើការងារវាស់វែង ដោយប្រើប្រាស់ឧបករណ៍ទំនើប ដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណប GNSS (Global Navigation Satellite System)។ ចំពោះ ឧបករណ៍ដែលយកមកបណ្ដុះបណ្ដាលនេះមានម៉ាក SINO-GNSS-G300-PLUS ជាឧបករ ណ៍ដែលធ្វើការវាស់វែង កំណត់និយាមការនៃចំណុចនៅលើផែនទីយ៉ាងសុក្រឹត្យ តាមរយៈ ការចាប់យកទិន្នន័យពីផ្កាយរណប។ ឧបករណ៍នេះ អាចចាប់យកទិន្នន័យពីផ្កាយរណប របស់ សហរដ្ឋអាមេរិក GPS រុស្សី G10 NASS ចិន Bei DOU និងអឺរ៉ុប GALILEO។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា ក្នុងវគ្គបណ្ដុះបណ្ដាលជំហានដំបូងនេះ គឺមានការផ្ដល់ជូនឧបករណ៍ទំនើបប្រភេទនេះចំនួន ៣៣គ្រឿង និងនៅវគ្គទី២ និងផ្ដល់ជូន ៣៣គ្រឿងទៀត ហើយក្រសួងនឹងបន្តសម្របសម្រួលផ្ដល់ជូនឧបករណ៍ ទំនើបនេះបន្ថែម ទៀត ដើម្បីឆ្លើយតបតាមតម្រូវការក្នុងការវាស់វែងដីជូនប្រជាពលរដ្ឋ។

បើតាមរបាយការណ៍បូកសរុបវគ្គបណ្ដុះបណ្ដាលនេះ បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាល បច្ចេកទេសវាស់វែងដី ដោយប្រើប្រាស់ឧបករណ៍ទំនើបនេះ គឺមានសិក្ខាកាមចូលរួមសរុប ២១៤នាក់ ក្នុងនោះមានមន្រ្តីទទួលបន្ទុកការងារវាស់វែង ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត និងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ ចំនួន១៨០នាក់ និងមន្រ្តីបចេ្ចកទេសពីអគ្គនាយកដ្ឋាន សុរិយោដី និងភូមិសាស្រ្ត ចំនួន ៣៤នាក់។
សូមបញ្ជាកក់ថា ក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺផ្ដោតទៅលើប្រធានបទដូចជា សញ្ញាណ ទូទៅនៃប្រព័ន្ធកំណត់ទីតាំងសកល GNSS ការណែនាំពីការ ប្រើប្រាស់ឧបករណ៍វាស់វែង ទំនើប SINO-GNSS -T300 PLUS ការកំណត់ប្រព័ន្ធនិយាមការ (Datum) វិធីសាស្រ្តវាស់វែង ដោយប្រើកម្មវិធី Master Survey ការផ្ទេរទិន្នន័យវាស់វែង ចេញពីឧបករណ៍ របៀបគណនា និងបំលែងទិន្នន័យ និងការអនុវត្តជាក់ស្ដែងនៅទីវាល៕

ដោយ អ៊ុន រិទ្ធី ប្រភព៖ ក្រសួងរៀបចំដែនដី