ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

យុវជនកម្ពុជាចំនួន១៥រូប នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនពីថ្ងៃទី១៧ ដល់ថ្ងៃ ទី២៦ ខែកញ្ញា ក្នុងកម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2018

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨​ — តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន យុវជនកម្ពុជាចំនួន១៥រូបនឹងធ្វើដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ជាមួយក្រុម យុវជន មកពីបណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត ក្រោមកម្មវិធីបណ្តាញផ្លាស់ ប្តូរសិស្ស និស្សិត​​និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅ កាត់ថាJENESYS 2018។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូត ជប៉ុន ប្រចាំកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបន្ដថា សម្រាប់អ្នកចូលរួមដែលមានវ័យប្រហែលគ្នាមកពី បណ្តាប្រទេសផ្សេងៗ ក្នុងនោះមានជប៉ុន ផងដែរ នឹងធ្វើការផ្លាស់ប្តូរចំណេះដឹងទាក់ទងនឹង ការលេងកីឡាបាល់អោបថេកនៅក្នុងខេត្តស៊ីហ្សឹអ៊ុកានៃប្រទេសជប៉ុន។ ទន្ទឹមនេះ ក្រុមយុវជន ក៏នឹងមានឱកាសទៅទស្សនានៅតំបន់ប្រវត្តិសាស្រ្តមួយចំនួននៅប្រទេសជប៉ុន។

សូមបញ្ជាក់ថា កម្មវិធី JENESYS 2018 មានគោលបំណងជំរុញការយល់ដឹង និងការ កសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម ដើម្បី កសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។​ តាមរយៈ កម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២.០០០នាក់ហើយ ចាប់តាំងពីឆ្នាំ២០០៧មក រហូតដល់ពេលបច្ចុប្បន្ន។

ជាមួយគ្នានេះដែរ ស្ថានទូតជប៉ុន សង្ឃឹមថា អ្នកចូលរួម​នឹងអាចយល់ដឹងអំពីប្រទេស ជប៉ុនកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឱ្យបានទូលំ ទូលាយទៅកាន់ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រលប់មកវិញ៕

ដោយ អ៊ុន រិទ្ធី