ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្រ្តីអាជ្ញាធរជាតិអប្សរាចំនួន១២នាក់ បញ្ចប់វគ្គសិក្សាស្ដីពីការពិសោធន៍ បែបវិទ្យាសាស្ត្រសម្រាប់កិច្ចការអភិរក្ស

AKP ​សៀមរាប ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨​ — មន្រ្តីអាជ្ញាធរជាតិអប្សរាចំនួន១២នាក់ មកពីក្រុមអភិរក្សថ្ម (SCU/GIZ) និងនាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យាអង្គរ និងបុរាណវិទ្យាបង្ការ បានបញ្ចប់វគ្គសិក្សាស្ដីពីការពិសោធន៍ បែបវិទ្យាសាស្ត្រ សម្រាប់កិច្ចការអភិរក្ស ដែលវគ្គសិក្សាស្តីពីការពិសោធបែបវិទ្យាសាស្ត្រ សម្រាប់កិច្ចអភិរក្សនេះ បង្រៀនដោយអ្នកជំនាញអន្តរជាតិផ្នែកអភិរក្សបេតិកភណ្ឌនៃអង្គការ​ GIZ នៃប្រទេសអាឡឺម៉ង់។

ពិធីបញ្ចប់បិទវគ្គនេះ គឺធ្វើឡើងកាលពីថ្ងៃ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។ លោកស្រីបណ្ឌិត Federica Grifi ជាសាស្រ្តាចារ្យជំនាញអន្តរជាតិផ្នែកអភិរក្ស បេតិកភណ្ឌនៃអង្គការGIZ បានឱ្យដឹងថា វគ្គសិក្សានេះបានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានរយៈពេល១៦០ម៉ោង។ លោកស្រីបណ្ឌិតបានបន្ដថា ការបណ្ដុះបណ្ដាល នេះក្នុងគោលបំណង ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតដែលមានលើបទពិសោធន៍ការ ងារកន្លងមក និងចង់ឱ្យអ្នកជំនាញចេះស្រាវជ្រាវ ឈ្វេងយល់ឱ្យបានច្បាស់អំពីដំណើរការ នៃការប្រើប្រាស់ឧបករណ៍ពិសោធន៏ និងការអនុវត្តផ្ទាល់រកលទ្ធផលមុននឹងយកវាទៅធ្វើលើ វត្ថុពិត។ ទន្ទឹមនេះ ការសិក្សានេះក៏ដើម្បីឱ្យអ្នកសិក្សាចេះឈ្វេងយល់បន្ថែមអំពីដំណើរការ ទំនាក់ទំនងនៃការងារអភិរក្សថ្មនៅតាមប្រាសាទនានា។

លោក ឡុង ណារី មន្ត្រីជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលបានសិក្សាវគ្គនេះអស់រយៈពេល៦ខែមកហើយ បានចាប់ អារម្មណ៍ថា វគ្គបណ្តុះបណ្ដាលនេះហាក់ខ្លីបន្តិចចំពោះពេលវេលារៀនសូត្រ ព្រោះមួយអាទិត្យ មន្រ្ដីជាសិក្ខាកាមទាំងអស់រៀនតែមួយថ្ងៃ ទើបតម្រូវឱ្យពួកយើងធ្វើការស្រាវជ្រាវឯកសារ ដោយខ្លួនឯងច្រើន។ លោករំពឹងថា ថ្ងៃអនាគតបើមានឱកាស ពួកយើងចង់ចូលរៀនវគ្គបណ្តុះ បណ្ដាលបែបនេះទៀតជាមួយអ្នកជំនាញ ពិសេសពួកយើងចង់រៀនពីការងារនៅក្នុងបន្ទប់ ពិសោធន៍ឱ្យបានច្រើនជាងនេះ។

លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សារា បានមានប្រសាសន៍ថា នេះជាឱកាសល្អសម្រាប់អ្នកជំនាញអាជ្ញាធរ ជាតិអប្សរាក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនលើការងារប្រចាំថ្ងៃ និងមានគោលដៅវែងឆ្ងាយ​លើ វិស័យបេតិកភណ្ឌ។ លោកបានលើកឡើងថា ការសិក្សានៅទីនេះ អាចនឹងល្អជាងបរទេស មួយចំនួន ព្រោះមានទាំងមន្ទីរពិសោធន៍ និងការអនុវត្តជាក់ស្ដែងនៅលើទីតាំងផ្ទាល់ រួមទាំង មានអ្នកជំនាញអន្តរជាតិជាច្រើនមកចែករំលែកចំណេះដឹងបន្ថែមជាញឹកញាប់។ លោកក៏បាន ថ្លែងអរគុណដល់អ្នកស្រីបណ្ឌិត Federica Grifi ដែលបានចែករំលែកចំណេះដឹងដល់អ្នក ជំនាញអាជ្ញាធរជាតិអប្សរាក្នុងការអភិវឌ្ឍសមត្ថភាពចំណេះដឹងបន្ថែមពីអ្វីដែលធ្លាប់មានទាំងទ្រឹស្តី និងការអនុវត្ត ព្រមទាំងការពិសោធបែបវិទ្យាសាស្ត្រ សម្រាប់កិច្ចការអភិរក្ស ឱ្យកាន់តែច្បាស់លាស់៕

ដោយ ហង្ស សៀក