ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

  ក្រសួងវប្បធម៌ បានអៈអាងថា រយៈពេល២ឆ្នាំចុងក្រោយនេះវិស័យភាពយន្តខ្មែរមានសន្ទុះរីក ចំរើនគួរអោយកត់សម្គាល់

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក ហុក សុខរិន

ភ្នំពេញ៖  ក្រសួងវប្បធម៌និងវិចិត្យសិល្បៈបានអៈអាងថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះវិស័យ​ភាពយន្តខ្មែរ​បានចាប់ផ្តើមមានសន្ទុះរីកចំរើនឡើងវិញគួរអោយកត់សម្គាល់ ដែលជួយលើក ស្ទួយមោទនៈភាពជាតិ។

ឯកឧត្តមសោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្យសិល្បៈបានឲ្យដឹងថា ក្នុងមួយឆ្នាំៗកម្ពុជា​​មានសន្ទុះ​​ផលិតរឿងភាគចាក់បញ្ចំាងតាមកញ្ចក់ទូរទស្សន៍និងរឿងខ្លីនៅតាមរោងភាពយន្តរហូតដល់ជាង៣០រឿង ដើម្បីបំរើ​ការ​​​កម្សាន្តរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា កំណើរនៃខ្សែភាពយន្តទំាងនេះគឺពុំមែនមានតែបរិមាណនោះទេ គឺមានគុណ​​ភាព​​អាចទទួលយកបានដូចជាបច្ចេកទេសដឹកនាំរឿង ផលិតរឿងនិងការសម្តែងជាដើម។  

 ក្រសួងវប្បធម៌នៅតែបន្តជំរុញការអភិវឌ្ឍវិស័យភាពយន្តនេះបន្តទៀត តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស​ថ្មីៗដល់ក្រុមផលិតករ និងកិច្ចសហការផលិតភាពយន្តជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់​​និងនៅលើពិភ​​ព​​លោក ដើម្បីលើកស្ទួយវិស័យ ភាពយន្តខ្មែរអោយកាន់តែរីកចំរើនហើយមានការទទួលស្គាល់ទំាងទស្សនិកជន​​ក្នុងស្រុកនិងក្រៅប្រទេស។

កញ្ញាឌុច លីដា ដែលជាតារាសម្តែងស្រីដ៏ល្បីមួយរូបនៅក្នុងសង្គមសិល្បៈកម្ពុជាបានអៈអាងថា រួមផ្សំនឹងបច្ចេក​​ទេស​​​ដឹកនាំរឿងបានល្អរបស់ផលិតករ និងការខិតខំសម្តែងអោយអស់ពីសមត្ថភាពរបស់តួរសម្តែង​​ទើបអាច​​ជ្រោមជ្រែងអោយវិស័យភាព​​យន្តខ្មែរមានសន្ទុះងើបឡើងវិញ។

សូមបញ្ជាក់ថា ក្រសួងវប្បធម៌និងវិចិត្យសិល្បៈនឹងជំរុញអោយផលិតករខ្មែរផលិត​រឿង​ស្នាដៃថ្មីៗអោយ​​បាន​​កាន់​តែ​ច្រើនបន្ថែមទៀតចាប់ពីជាង៣០រឿងឡើងទៅក្នុងមួយឆ្នាំៗ ដើម្បីបំរើទីផ្សារក្នុងស្រុកផង​​និងការ​​នាំ​​ចេញទៅ​ក្រៅ​ប្រទេសផង ខណៈដែលវិស័យភាពយន្តបានជួយផ្សព្វផ្សាយ​​វប្បធម៌និងតំបន់ទេសចរណ៍​​ថ្មីៗរបស់កម្ពុជា៕