ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងអប់រំណែនាំដល់សិស្សានុសិស្សដែលទើបតែប្រឡងជាប់កុំចាប់យកជំនាញ សិក្សាតាមៗគ្នា

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក ហុក សុខរិន

ភ្នំពេញ៖  មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំណែនាំដល់សិស្សានុសិស្សដែលទើបតែប្រឡងជាប់មធ្យមសិក្សាទុតិយភូមិថ្មីៗនេះ កុំចាប់​​យក​ជំនាញ​សិក្សាតាមៗគ្នា គឺត្រូវចាប់យកជំនាញឯកទេសណាដែលមានឧបនិស្ស័យ នៃចំណងចំណូលចិត្ត​​របស់ខ្លួនទើបធានា​​ឲ្យការ​​សិក្សា​នៅថ្នាក់ឧត្តមទទួលបានជោគជ័យមានការងារល្អ។

ឯកឧត្តមយក់ ង៉ុយ រដ្ឋលេខាធិការក្រួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា ក្រៅពីការជ្រើសរើសមុខជំនាញដែលខ្លួនពេញចិត្ត យុវជនក៏ត្រូវចាប់យកជំនាញណាដែល ជាតម្រូវការទីផ្សារផងដែរ ដូចជា វិទ្យាសាស្រ្ត វិស្វកម្ម ស្ថាបត្យកម្មសំណង់និង​​ជំនាញ​​បច្ចេកទេសនិងវិជ្ជាជីវៈ។

 

ឯកឧត្តមបញ្ជាក់ថា ការជំរុញឲ្យយុវជនចាប់យក ជំនាញទំាងនេះ ខណៈដែលតម្រូវការទីផ្សារការងារមានច្រើន​​រហូតដល់រាប់ម៉ឺន​​នាក់​ក្នុង​មួយឆ្នាំៗ ស្របពេលដែលនិស្សិតមួយចំនួនចូលចិត្តរៀនតាមគ្នាតែជំនាញធនាគារ រដ្ឋបាល និងអាជីវកម្មជាដើម។

លោកសេង សុបញ្ញា នាយកវិទ្យាស្ថានអន្តរជាតិ កម្ពុជា អាស៊ានបានឲ្យដឹងថា ការរៀនជំនាញតាមតម្រូវការទីផ្សារ​​មិនត្រឹមតែ​​បំពេញ​បានតម្រូវការទីផ្សារការងារក្នុងស្រុកកាត់បន្ថយអ្នកជំនាញការមកពីបរទេសប៉ុណ្ណោះទេ ថែមទំាងមានឱកាសចលតការងារ​នៅ​ក្នុង​តំបន់អាស៊ានថែមទៀតផង។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានឲ្យដឹងថា សិស្សនុសិស្សដែលបានប្រឡង ជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៧ – ២០១៨នេះ មានចំនួនជាង៧ម៉ឺន៦ពាន់នាក់ ស្មើនឹងជាង៦៧ភាគរយ ក្នុងនោះបេក្ខជនជាប់និទ្ទេសអេមានចំនួន៤០៨នាក់៕