ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងបរិស្ថានលើកឡើងថា ការបំពុលដោយប្លាស្ទិកជាក្តីកង្វល់មួយរបស់កម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកចេម ហួត

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានលើកឡើងថា ការបំពុលបរិស្ថានដោយប្លាស្ទិកជាក្តី​កង្វល់មួយ​ដែល​ទាមទារ​ឱ្យ​មានការចូលរួមពីគ្រប់ភាគីដើម្បីការទប់ស្កាត់ និងកាត់បន្ថយការបំពុល​ដោយប្លាស្ទិក​នេះ​ឲ្យមកនូវ​កម្រិត​ទាប។

          ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានប្រាប់វិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ​ថា តាមរបាយការណ៍សិក្សា នៅរាជធានីភ្នំពេញ ថង់ប្លាស្ទិកយ៉ាងហោចណាស់ជាង ១០ លានតោនត្រូវបាន​​ប្រើប្រាស់​ជារៀងរាល់ថ្ងៃ។ ភាគរយនៃថង់ប្លាស្ទិកក្នុងបរិមាណសំរាមដែលប្រមូលបានតាមរយៈការបោះសម្អាតផ្លូវក្នុងទីក្រុងចំនួន ៣ បើតាម​ការ​​ប៉ានស្មានគឺ ១៧,៣% ក្នុងទីក្រុងភ្នំពេញ ២០,៧% ក្នុងខេត្តសៀមរាប និង ៣៤%ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមស្នើឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយធ្វើការបែង​​ចែកសំរាមទៅតាមប្រភេទឱ្យបានត្រឹមត្រូវ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមគោលការណ៍ 3R គឺកាត់​បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃឡើងវិញ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ការសម្អាតបរិស្ថានជុំវិញខ្លួនយើងជាភាពចាំបាច់។ ប្រសិនបើផ្ទះរបស់យើងស្អាត ភូមិរបស់យើងស្អាត ទីធ្លាសាធារណៈគ្មានសំរាម គ្មានថង់ប្លាស្ទិក នោះមានន័យ​​ថាយើងបានចូលរួមកសាងតម្លៃដល់ជាតិ លើកស្ទួយកិត្យានុភាព និងកិត្តិយសសម្រាប់ជាតិខ្មែរ និងដើម្បី​សុ​​ខុមាល​​ភាពរបស់យើងទាំងអស់គ្នាព្រោះបរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នា។នដូច្នេះយើងត្រូវរួមគ្នា ដើម្បីបរិស្ថាន។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននេះ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា និងបណ្តាប្រទេស១៥០ ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោកប្រារព្ធទិវាសំអាតពិភពលោក១៥ កញ្ញាដើម្បីភាពប្រសើរឡើងនៃបរិស្ថាន។

 

 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ទិវាសម្អាត ពិភពលោកនៅថ្ងៃនេះផ្តោតសំខាន់លើការកាត់ បន្ថយការបំពុលដោយបរិស្ថាន និងការប្រើប្រាស់ ថង់ប្លាស្ទិក។ កម្មវិធីនេះធ្វើឡើងដើម្បីបំផុស និងជំរុញឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងគោលដៅធ្វើឱ្យពិភពលោកគ្មានសំរាម។

សូមបញ្ជាក់ថា នៅលើពិភពលោក ការបោះចោលសំរាមចោលមានប្រមាណ ៤ពាន់លានតោននៅលើផែនដី ក្នុងនោះមានសំណល់ប្លាស្ទិក ជាង ៨លានតោន ត្រូវបានចាក់ចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំផងដែរ។ ការគ្រប់គ្រងសំណល់រឹងរាវ សំរាម នៅកម្ពុជាត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងអាជ្ញាធរដែនដី៕