ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តកោះកុងត្រៀមរៀបចំហេដ្ឋារចនាសម្ពន្ធ័ឲ្យបានល្អសំរាប់ពិធីបុណ្យសមុទ្រខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកស្រីសឹងសុផារី

ភ្នំពេញអាជ្ញាធរខេត្តកោះកុងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អសំរាប់ពិធីបុណ្យសមុទ្រខាងមុខនេះដើម្បីបង្ករលក្ខណៈងាយស្រួល និងបំពេញតំរូវការដល់ភ្ញៀវជាតិ និងអន្តរជាតិដែលមានបំណងចង់មកលេងកម្សាន្ត។

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាថា មន្រ្តីពាក់ព័ន្ធទាំងអស់បាននឹងកំពុងរៀបចំ កែលម្អសោភ័ណភាពសួនច្បារ រចនាដាក់ភ្លើងពណ៏ សន្តិសុខ សុវត្តិភាព សណ្តាប់ធា្នប់ អនាម័យ ធុងសំរាម គុណភាពសេវាកម្ម បង្គន់អនាម័យ ជាបណ្តើរៗហើយ។

លោកជំទាវបន្តថា មន្ត្រីជំនាញបានចុះណែនាំដល់អាជីករឲ្យធ្វើការកែលំអបរិស្ថាន អនាម័យ នៅក្នុងទីតាំងរបស់ខ្លូនដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោនីយដ្ឋាន នៅតាមតំបន់ឆ្នេរ និងការកំណត់តម្លៃអោយបានសមរម្យជូនភ្ញៀវទេសចរជាតិនិង​អន្តរជាតិដែលមកកំសាន្តនៅថ្ងៃបុណ្យសមុទ្រនាពេលខាងមុខនេះផងដែរ។

លោកជំទាវបានបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៧ជុំទី២ នៅខេត្តកោះកុងនេះ គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ។
បុណ្យសមុទ្រនេះ មានស្តង់ដាក់តាំងលក់ ម្ហូបអាហារ សម្លៀកបំពាក់ ឧបករណ៏អេឡិចត្រូនិចពីបរទេស ការប្រគុំតន្ត្រី​ដែលមាន​ការចូលរួមពីតារាចម្រៀងជាតិនិងអន្តរជាតិ មានការប្រកួតជិះស្គីលើផ្ទៃសមុទ្រ ប្រកួតជិះកង់ វាយកូនហ្គោល ជាលក្ខណៈអន្តរជាតិ និងល្បែងកំសាន្តជាច្រើនប្រភេទទៀត។

លោកជំទាវអភិបាលខេត្តអំពាវនាវអោយប្រជាពលរដ្ឋដែលមកកម្សាន្ត ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជួយថែរក្សា​អនាម័យបរិស្ថានអោយបានស្អាត ក្នុងន័យជួយលើកស្ទួយតំបន់ទេសចរណ៍ក្នុងខេត្តក៏ដូច​ជាប្រទេស​ជាតិទាំងមូលផងដែរ ៕