ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ទីទេសចរណ៍ខេត្តព្រះវិហារ ជំរុញចងក្រងសហគមន៍ទេសចរណ៍នៅទូទាំងខេត្ត

វិទ្យុជាតិកម្ពុជា៖ អត្ថបទកញ្ញា ទុយសូលីដា

ភ្នំពេញ៖  មន្ទីទេសចរណ៍ខេត្តព្រះវិហារ ជំរុញការចងក្រងសហគមន៍ទេសចរណ៍នានានៅ ទូរទាំងខេត្តព្រះវិហារ ដើម្បីទាក់ទាញភ្ញៀវទេសចរអោយមកកំសាន្ត និងស្នាក់នៅមានរយៈពេលយូរ សំដៅជួយអោយប្រជាសហគមន៍ទទួលប្រាក់ចំណូលកាន់តែច្រើន។ 

លោក គង់ វិបុល  ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិអោយដឹងថា នៅខេត្តព្រះវិហារ ក្រៅពីតំបន់ប្រាសាទគឺនៅមានតំបន់សហគមន៍ទេសចរណ៍ជាច្រើនទៀតដែលតំបន់ខ្លះបានអភិវឌ្ឍន៍ តំបន់ខ្លះទៀតនៅមិនទាន់អភិវឌ្ឍន៍នៅឡើយ។ លោកប្រធានមន្ទីរបញ្ជាក់ថា តាមទិសដៅរបស់ក្រសួង ការបង្កើតសហគមន៍ទេសចរណ៍ដែលមិនទាន់អភិវឌ្ឍន៍ទំាងនោះ គឺជាផលិតផលថ្មីមួយ ដែលក្រសួងបានយកចិត្តទុកដាក់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។

លោកបន្តថា  មន្ទីរបានប្រមូលចងក្រង សហគមន៍ទេសចរណ៍ និងបើកវគ្គបណ្តុះបណ្តាលពីសេវាកម្មទេសចរណ៍ នៅតាមសហគមន៍នីមួយៗ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងសហគមនបានបំរើភ្ញៀវទេសចរបានល្អ ធ្វើអោយភ្ញៀវមកកំសាន្ត  និងស្នាក់នៅមានរយៈពេលយូរ ជួយអោយប្រជាសហគមទទួលប្រាក់ចំណូលកាន់តែច្រើន។

សម្លេង៖« ការរៀបចំសេវាមានសេវាជួលកន្ទេល ជួលកញ្ចុះ សេវាបន្ទប់ទឹក សេវាលក់ដូរសេវាចំណតឡាន ចំណតម៉ូតូ អញ្ចឹងគាត់ឃើញសេវានេះ ដោយផ្ទាល់ ពេលដែលបានចំណូលផ្ទាល់ហើយសហគមន៍របស់គាត់ គាត់មានសិទ្ធិគ្រប់គ្រងថវិកានេះគាត់ប្រជុំគ្នាគាត់ក្នុងការបែងចែកថវិកាថាត្រូវគ្រប់គ្រងយ៉ាងម៉េច ទុកអភិវឌ្ឍយ៉ាងម៉េច មកទល់ពេលនេះ គាត់មានការចាប់អារម្មណ៍ច្រើនមកលើសេវាទេសចរណ៍នេះ នៅពេលដែលមន្ទីរចុះផ្សព្វផ្សាយ និងអញ្ជើញក៏ចូលរួមកម្មវិធីគាត់មានការចូលរួម ក្នុងការពង្រឹងផលិតផលនៅក្នុងសហគមន៏របស់គាត់សម្រាប់បម្រើជូនភ្ញៀវ »

លោកប្រធាន មន្ទីទេសចរណ៍ខេត្តព្រះវិហារ បានបញ្ជាក់ទៀតថា មន្ទីរបានចុះណែនាំដល់ម្ចាស់សេវាករទេសចរណ៍ទាំងអស់ឲ្យចេះថែរក្សាអនាមួយបរិស្ថាននិងពង្រឹងការផ្តល់សេវាកម្មជូនភ្ញៀវទេសចរឲ្យបានល្អពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

សូមបញ្ជាក់ថា នៅក្នុងខេត្តព្រះវិហារមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ក្នុងនោះតំបន់រមណីយដ្ឋានបេតិកភណ្ឌវប្បធម៌មាន៦កន្លែង គឺតំបន់ប្រាសាទព្រះវិហារ ប្រាសាទកោះកែរ ប្រាសាទព្រះខ័ណ្ឌកំពង់ស្វាយ ប្រាសាទនាគបួស  និងតំបន់ប្រាសាទតូចៗដ៏ទែទៀត ចំណែករមណីយដ្ឋានធម្មជាតិ មានដូចជា ទឹកធ្លាក់ព្រះនិមិត្ត សារមន្ទីរធម្មជាតិសម្ដេចតេជោ និង គោលដៅសហគមន៍ទេសចរណ៍ចំនួន១២កន្លែងទៀតដែលគ្រប់គ្រងដោយសហគមន៍មូលដ្ឋាន៕