ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម យ៉ង់ សែម ចូលរួមក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តក្រចេះ ដើម្បីត្រួតពិនិត្យសិក្សាឈ្វេងយល់អំពីការអនុវត្ត និងដោះស្រាយបញ្ហាមួយចំនួន

AKP ក្រចេះ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបប្រជុំជា មួយអាជ្ញាធរខេត្តក្រចេះ ដើម្បីត្រួតពិនិត្យ និងឈ្វេងយល់អំពីការអនុវត្ត និងដោះស្រាយបញ្ហា មួយចំនួនក្នុងខេត្ត កាលពីព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។


នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត បានជម្រាបជូនឯកឧត្ដម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងគណៈប្រតិភូនៅក្នុងកិច្ចប្រជុំនោះថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានបំពេញការងារទៅតាមជំនាញរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈ មុះមុត សហការសាមគ្គីរឹងមាំ រក្សាសន្តិសុខ សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់របៀបរៀប រយសង្គមបានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងការប្រកបមុខរបរប្រចាំថ្ងៃ។

ឯកឧត្ដមបានឱ្យដឹងថា សម្រាប់សំណុំរឿងវិវាទដីធ្លីក្នុងខេត្តសរុប ៩៦ករណី ក្នុងនោះ បញ្ជូនមកពីក្រសួងរៀបចំដែនដីចំនួន ៣៨ករណី និងសំណុំរឿងក្នុងខេត្តចំនួន ៥៨ករណី ក្នុងនោះក្រុមការងារដោះ ស្រាយវិវាទដីធ្លីរបស់ក្រសួងរៀបចំដែនដីមានចំនួន ៧ក្រុម បានចុះ ជួយដោះស្រាយបញ្ចប់ទំនាស់ ១០០ភាគរយ បានចំនួន ២៦ករណី កំពុងបន្តដោះស្រាយ ១២ ករណី ដោយឡែកសំណុំ រឿងក្នុងខេត្តចំនួន ៥៩ករណី បានដោះស្រាយ ១០០ភាគរយ ចំនួន ១៥ករណី និងកំពុងបន្តដោះស្រាយ ៤៣ករណី។

ឯកឧត្តមបញ្ជាក់ថា ក្នុងមុខតំណែងជាអភិបាលខេត្ត បានរយៈពេល៥ ខែកន្លងមកនេះ បានជួបនូវបញ្ហាចំនួន៣ ករណីធំៗកើតឡើង គឺករណីពុលទឹក ពុលស្រានៅស្រុកចិត្របុរី ដែលបង្កឱ្យមានអ្នកទទួលរងគ្រោះចំនួន ២៣៧នាក់ ស្រី១១៨នាក់ ក្នុងនោះស្លាប់ ១៣នាក់ ស្រី ៨នាក់ ករណីពុលស្រាស នៅស្រុកស្នួលអ្នកទទួលរងគ្រោះចំនួន៦២នាក់ ស្រី១៩នាក់ ស្លាប់៣នាក់ ស្រី២នាក់។ ជាមួយគ្នានោះដែរ អាជ្ញាធររួមនឹងមន្រ្តីសមត្ថ កិច្ចជំនាញ បានចុះពិនិត្យ និងប្រកាសបិទបញ្ឈប់នូវការផលិត និងប្រើប្រាស់ស្រាសក្នុងតំបន់នោះ និងបានចុះសួរសុខទុក្ខនិងបានផ្តល់នូវគ្រឿងឧបភោគ បរិភាគ និងទឹកស្អាតសម្រាប់ពួកគាត់ ប្រើប្រាស់ផងដែរ។ មួយករណីទៀតគឺបញ្ហាទឹកជំនន់ទន្លេមេគង្គ បានជន់ឡើងហួសកម្រិត ប្រកាសអាសន្ន បណ្តាលឱ្យប៉ះពាល់ទៅលើក្រុង១ ស្រុកចំនួន៤ ស្មើនឹង៣០ ឃុំ សង្កាត់ ប៉ះពាល់និងខូចខាតដល់ហេដ្ឋារ ចនាសម្ព័ន្ធ ផ្លូវថ្នល់ ភូមិដ្ឋានប្រជាពលរដ្ឋ និងវិស័យកសិកម្ម យ៉ាងធ្ងន់ធ្ងរផងដែរ។ ចំពោះការដោះស្រាយជាបន្តបន្ទាប់នោះគឺអាជ្ញាធរគ្រប់ថ្នាក់ បានចុះអន្តរាគមន៍ជួយសង្រ្គោះ ជម្លៀសប្រជាពលរដ្ឋរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព និងផ្តល់ស្បៀងអាហារ សម្ភារ ថវិកា រួមនិងឱសថព្យាបាល និងចាក់វ៉ាក់សាំងការពារ ជំងឺសត្វពាហនៈផងដែរ។ ចំពោះបញ្ហាគ្រឿងញៀន ខេត្តបានបង្កើតនូវមជ្ឈមណ្ឌល បន្សាបគ្រឿង ញៀនមួយកន្លែង និងបានបែងចែកអ្នកទោស ក្នុងពន្ធនាគារទៅតាម ប្រភេទបទល្មើស និងបន្តពង្រីកនូវអាគារបន្សាបគ្រឿងញៀនបន្ថែមទៀត ។

ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានបញ្ជាក់ពីគោល បំណងក្នុងការចុះជួបអាជ្ញាធរដោយផ្ទាល់ពេលនេះ គឺដើម្បីធ្វើការសិក្សាឈ្វេងយល់អំពីការ អនុវត្តច្បាប់ សិទ្ធិមនុស្ស ការដោះស្រាយពាក្យបណ្ដឹង និងការដោះស្រាយបញ្ហាផ្សេងៗ មួយចំនួនទៀតរបស់ប្រជាពលរដ្ឋកន្លងមកនៅក្នុងខេត្តក្រចេះ។ នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំខេត្តក្រចេះ ដែលបានបង្កើតឱ្យមានមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ដែលជាផ្នែកមួយក្នុងការ ជួយកាត់បន្ថយបញ្ហាគ្រឿងញៀននៅក្នុងខេត្តផងដែរ។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម បានធ្វើការចង្អុលបង្ហាញ និងជំរុញដល់អាជ្ញាធរខេត្ត រួមទាំងសមត្ថកិច្ចទាំងអស់ត្រូវផ្សព្វផ្សាយច្បាប់ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទាំង នៅក្នុងទីប្រជុំជនទាំងនៅតំបន់ដាច់ស្រយាលក្នុងខេត្ត ពិសេសបងប្អូនប្រជាពលរដ្ឋជាជន ជាតិដើមភាគតិច និងត្រូវខិតខំដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋឱ្យបានល្អ ជាងមុនទ្វេដង៕

ដោយ ជួន សុជាតិ